ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាសពីករណីបាត់បង់ជីវិត ១នាក់ ដោយសារជំងឺផ្តាសាយបក្សីលើមនុស្ស នៅខេត្តស្វាយរៀង

BY
Khmernote Media
October 9, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីបាត់បង់ជីវិត ដោយសារជំងឺផ្តាសាយបក្សី H5N1​ លើមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។

ក្រសួងសុខាភិបាល សូមជជម្រាបថា មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី ដែលត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ លើបុរសអាយុ ៥០ឆ្នាំ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិ ម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមការសាកសួរ បង្ហាញថា មានផ្ទះអ្នកជិតខាងបុរសខាងលើ បានទិញមាន់មកស្តុកទុកលក់ បន្ទាប់មកក៏ឃើញមានមាន់នៅផ្ទះរបស់គាត់ និងផ្ទះអ្នកក្បែរខាងចាប់ផ្តើមងាប់ ប្រមាណជាង ៥០ក្បាល ហើយមាន់ងាប់ នេះក៏បានចែកចាយឱ្យបងប្អូនយកទៅបរិភោគដែរ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាព ប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ ករណីដែលបានស្លាប់នេះ គឺជាករណីផ្តាសាយបក្សីទី៥៨ (ស្លាប់៣៩នាក់) ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ២០០៥ ហើយ នេះជាករណីទី២ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។

របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរ ពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួន ដែលអាចឆ្លងដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។

វិធានការបង្ការ៖ សារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន៖ លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មាន បន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ឬ ទំនាក់ទំនងក្រសួងសុខាភិបាល តាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

Share This Post: