ព័ត៌មានជាតិ

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ណែនាំដល់អភិបាលក្រុង-ស្រុកទាំង៨ ឱ្យពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្តាសាយបក្សី

BY
Khmernote Media
October 9, 2023

ខេត្តស្វាយរៀង៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ យោងតាមសេចក្ដីប្រកាសរបស់ រដ្ឋបាលខេត្តស្វាយរៀង បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង៨ ឱ្យពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្តាសាយបក្សី ។

អភិបាលខេត្តស្វាយរៀង សូមជម្រាបជូន លោកអភិបាលក្រុង ស្រុក ជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណី រស់នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុក រមាសហែក ខេត្តស្វាយរៀង ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ ហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ និងបាន បណ្ដាលឱ្យបាត់បង់អាយុជីវិត ។

ដើម្បីចូលរួមទប់ស្កាត់ កុំឱ្យមានការឆ្លងរាលដាលជំងឺផ្តាសាយ បក្សី នៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដូចខាងក្រោម ៖

-ត្រូវចាត់វិធានការចុះអប់រំណែនាំប្រជាពលរដ្ឋ ឱ្យចេះធ្វើអនាម័យលំនៅឋាន លាង ដៃឱ្យញឹកញាប់ជាមួយសាប៊ូ និងទឹក មុនពេលបរិភោគ និងបន្ទាប់ប៉ះពាល់ជាមួយ បក្សី ដាក់កុមារឱ្យនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់ នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគ ត្រូវ ចម្អិនឱ្យបានឆ្អិនល្អ។

-ត្រូវណែនាំដល់ប្រជាពលរដ្ឋ ក្នុងករណីប្រទះឃើញ មានសត្វបក្សីឈឺ ឬងាប់ក្នុង ចំនួនច្រើន ឱ្យរាយកាណ៍មកអាជ្ញាធរមានសមត្ថកិច្ច និងហាមដាច់ខាតការយក សត្វបក្សីឈឺ ឬងាប់ ទៅធ្វើចម្អិនធ្វើម្ហូបអាហារ។

អាស្រ័យហេតុនេះ សូមលោកអភិបាលក្រុង ស្រុក ជ្រាប និងចាត់ចែងអនុវត្ត កិច្ចការនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: