ជនសង្ស័យម្នាក់ ជាប្រធានឥណទានធនាគារABA ក្លែងបន្លំឯកសារដកលុយជាង ២៧ម៉ឺនដុល្លារ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន
- October 10, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤៖០៦នាទី នៅចំណុចធនាគារ ABA បុរីកីឡា ផ្លូវ១៦៩ កែង១៣៤ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបន្លំឯកសារដកលុយធនាគារ ABA តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ គ្រេង សុខជាតា ភេទ ស្រី អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារ ABA សាខាបុរីកីឡា (តំណាងធនាគារ ABA) ស្នាក់នៅសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សារ សុគន្ធី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានឥណទានធនាគារ ABA សាខាបុរីកីឡា មានទីលំនៅបន្ទប់លេខ១២C ជាន់ទី១២ ខុនដូររ៉ូយ៉ាល់ផាកសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ កិច្ចសន្យាសងប្រាក់ ៩០,៣៧៦.៩៤ដុល្លារ ចំនួន១សន្លឹក (ថតចំលង) ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣, លិខិតទទួលស្គាល់ប្រាក់ដែលដកពីធនាគារ ០១សន្លឹក (ថតចំលង) ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣, របាយការណ៍គណនេយ្យ ចំនួន៥សន្លឹក (ថតចំលង)។ សម្ភារបាត់បង់៖ ប្រាក់ចំនួន២៧០,៣៧៦.៩៤ ដុល្លារ(ម្ភៃប្រាំពីម៉ឺនបីរយចិតសិបប្រាំមួយ នឹងកៅបួនសេន)។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- Share This Post:






