ពលរដ្ឋនេប៉ាល់នាំគ្នាអុជទៀនបួងសួងសុំឲ្យសាច់ញាតិអាចត្រលប់មកពីអ៊ីស្រាអែលវិញដោយសុវត្ថិភាព ខណៈមានពលរដ្ឋនេប៉ាល់ ១០នាក់ហើយដែលបានបាត់បង់ជីវិតនៅអ៊ីស្រាអែល
- BY
- Pheakdey
- October 11, 2023
នេប៉ាល់៖ ពលរដ្ឋនៅក្នុងប្រទេសនេប៉ាល់ជាច្រើននាក់បាននាំគ្នាទៅអុជទៀននៅឯការិយាល័យនាយករដ្ឋមន្ត្រីដើម្បីបួងសួងសុំឲ្យពលរដ្ឋនេប៉ាល់ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលអាចត្រលប់មកប្រទេសកំណើតវិញដោយសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលានេះ។ ពិធីបួងសួងបែបមិនផ្លូវការមួយនេះត្រូវបានធ្វើឡើងក្រោយមានពលរដ្ឋនេប៉ាល់ចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីសំណាក់ក្រុមហាម៉ាសប៉ាឡេស្ទីននៅលើទឹកដីអ៊ីស្រាអែល។

បើតាមអាជ្ញាធរនេប៉ាល់បានបញ្ជាក់ថា ក្រៅតែពីបានរកឃើញពលរដ្ឋខ្លួនចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតហើយ ក៏នៅពេលពលរដ្ឋនេប៉ាល់ជាច្រើននាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដែរ ពោលគឺអ្នកខ្លះកំពុងបាត់ខ្លួន និងអ្នកខ្លះកំពុងលាក់ខ្លួននៅក្នុងលេណដ្ឋានដោយពុំមានអាហារសម្រាប់ទទួលទានគ្រប់គ្រាន់នោះទេ។ ប្រភពខាងលើបានបន្តថា មុនពេលមានការវាយប្រហារគ្នាកើតឡើង គឺមានពលរដ្ឋនេប៉៉ាល់ចំនួន ៤,៥០០នាក់កំពុងរស់នៅ និងប្រកបការងារឬបន្តការសិក្សានៅក្នុងប្រទេសអ៊ីស្រាអែល ហើយគិតត្រឹមពេលនេះ គឺមានពលរដ្ឋនេប៉ាល់ចំនួនត្រឹមតែ ៣០០នាក់ប៉ុណ្ណោះ ដែលបានមកចុះឈ្មោះសម្រាប់ធ្វើការជម្លៀសខ្លួនមកកាន់ប្រទេសកំណើតវិញ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






