អង់គ្លេសគ្រោងដំឡើងពន្ធពីវិស័យល្បែង Online ដើម្បីប្រមូលប្រាក់ជាង ១២០លានដុល្លារទៅជួយគាំទ្រកិច្ចការសង្គមសំខាន់ៗចំនួន ៣នេះ
- BY
- Pheakdey
- October 17, 2023
អង់គ្លេស៖ ចក្រភពអង់គ្លេសគ្រោងនឹងយកពន្ធពីបណ្តាក្រុមហ៊ុនល្បែង Online រហូតដល់ ១% ដើម្បីប្រមូលប្រាក់យកទៅជួយកិច្ចការសង្គមសំខាន់ៗមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៧ ខែតុលានេះ។ គួរបញ្ជាក់ជូនថា អត្រាពន្ធពីវិស័យល្បែង Online ដែលកំពុងអនុវត្តនៅក្នុងប្រទេសអង់គ្លេសនាពេលបច្ចុប្បន្ននេះគឺមានកម្រិតត្រឹមតែ ០,៤% ប៉ុណ្ណោះ ខណៈអត្រាពន្ធនេះបានអនុញ្ញាតឲ្យអាជ្ញាធរអង់គ្លេសអាចប្រមូលពន្ធបានជាប្រាក់សរុបចំនួន ៣៤,៧ លានផោន (៤២,២លានដុល្លារ) កាលពីឆ្នាំកន្លងទៅ។
ប្រភពខាងលើបានបន្តថា តាមគម្រោងរបស់រដ្ឋាភិបាលអង់គ្លេសនៅក្នុងឆ្នាំថ្មីគឺអង់គ្លេសចង់ប្រមូលពន្ធឲ្យបានរហូតដល់ ១០០លានផោន (១២១ លានដុល្លារ) ពីវិស័យល្បែង Online ដើម្បីយកទៅជួយគាំទ្រកិច្ចការសង្គមសំខាន់ចំនួន ៣រួមមាន ការស្រាវជ្រាវ ការការពារអ្នកញៀនគ្រឿងញៀន និងការព្យាបាលអ្នកញៀនគ្រឿងញៀន។ គួរបញ្ជាក់ជូនថា អង់គ្លេសគឺជាប្រទេសដែលមានក្រុមហ៊ុនល្បែង Online ធំៗមួយចំនួនៅលើពិភពលោក ដូចជាក្រុមហ៊ុន Entain, ក្រុមហ៊ុន Ladbrokes and Coral និង ក្រុមហ៊ុន Flutter ជាដើម ដែលសុទ្ធតែជាក្រុមហ៊ុនផ្តល់សេវាភ្នាល់ល្បែងជាច្រើនប្រភេទតាមប្រព័ន្ធ Online ជាលក្ខណៈអន្តរជាតិ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






