ព្រះមហាក្សត្រ នឹងយាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នៅថ្ងៃទី០៤ ខែវិច្ឆិកានេះ
- October 20, 2023
ខេត្តសៀមរាប៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ក្រោមព្រះរាជាធិបតីភាពដ៏ថ្លៃថ្លាបំផុតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

អាជ្ញាធរជាតិអប្សរា សូមជ្រាបថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុនគម្រោង អភិរក្ស និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តបានបញ្ចប់រួចរាល់ជាស្ថាពរ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ក្រោមព្រះរាជាធិបតីភាពដ៏ថ្លៃថ្លាបំផុតនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងន័យដើម្បីគ្រប់គ្រងនូវលំហូរការទស្សនានៅប្រាសាទអង្គរវត្តឱ្យបានល្អប្រសើរ ក្រោយព្រះរាជពិធី សម្ពោធជាផ្លូវការខាងលើនេះ អាជ្ញាធរជាតិអប្សរានឹងកំណត់ទិសដៅទស្សនាដូចខាងក្រោម៖
១- ប្រើប្រាស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ជាច្រកចូលសម្រាប់ការទស្សនា
២- បន្តប្រើប្រាស់ស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត ជាច្រកចេញសម្រាប់ការទស្សនា។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជា ព័ត៌មាន៕


- Share This Post:






