បុរសម្នាក់ដែលបានផឹកស្រាបៀមុនពេលបើកបរហើយព្យាយាមគេចវេះពីការផ្លុំជាតិអាកុលត្រូវប៉ូលិសសិង្ហបុរីពិន័យ ៤ពាន់ដុល្លារ
- BY
- Pheakdey
- October 20, 2023
សិង្ហបុរី៖ បុរសម្នាក់ដែលបានទទួលទានស្រាបៀមុនពេលបើកបររថយន្តនិងបានព្យាយាមប្តូរកៅអីអង្គុយពេលប៉ូលិសឃាត់រថយន្តត្រូវបានអាជ្ញាធរសិង្ហបុរីសម្រេចពិន័យជាប្រាក់ចំនួន ៤ពាន់ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២០ ខែតុលានេះ។ បុរសដែលបានប្រព្រឹត្តបទល្មើសចរាចរណ៍រូបនេះមានឈ្មោះថា Nah Kwang Meng អាយុ ៤១ឆ្នាំ មានមុខរបរជាវេជ្ជបណ្ឌិតប្រចាំនៅគ្លីនិកឯកជនមួយកន្លែងឈ្មោះ Nah & Lee Family Clinic។

ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះលោកវេជ្ជបណ្ឌិត Nah Kwang Meng បានញ៉ាំស្រាបៀអស់ប្រហែលជា ៣-៤ កែវក្នុងអំឡុងពេលញ៉ាំអាហារពេលល្ងាច ខណៈដែលលោកមិនបានរំពឹងថា លោកនឹងត្រូវបើករថយន្តឆ្លងកាត់កន្លែងមានប៉ូលិសត្រួតពិនិត្យនោះទេ។ យ៉ាងណាក្តី នៅម៉ោង ១១ និង ៣០ នាទីយប់រថយន្តដែលលោក Nah Kwang Meng កំពុងបើកបរត្រូវបើកឆ្លងកាត់កន្លែងត្រួតពិនិត្យគ្រឿងស្រវឹង ហើយដោយមានការភ័យខ្លាចជាប់ទោសពីបទបើកបរក្នុងពេលស្រវឹងនោះ លោក Nah Kwang Meng បានព្យាយាមប្តូរកន្លែងអង្គុយជាមួយអ្នកកំពុងអង្គុយនៅកៅអីខាងមុខជាច្រើនដងតែត្រូវបានគេបដិសេធ។
ទីបំផុតទៅលោក Nah Kwang Meng បានចុះពីរថយន្តដើម្បីមកផ្លុំជាតិអាកុល ហើយលទ្ធផលបង្ហាញថា ជាតិអាកុលក្នុងខ្លួនរបស់គាត់មានកម្រិត ៣២ មីក្រូក្រាមក្នុងខ្យល់ដង្ហើម ១០០មីលីលីត្រ ខណៈកម្រិតដែលគេចាត់ទុកថា បើកបរក្នុងពេលស្រវឹងនោះគឺកម្រិត ៣៥ មីក្រូក្រាមក្នុងខ្យល់ដង្ហើម ១០០មីលីលីត្រ។ បើទោះជាលោក Nah Kwang Meng មិនត្រូវបានរកឃើញថាបានប្រព្រឹត្តបទល្មើល បើកបរក្នុងពេលស្រវឹងក៏ពិតមែន តែរូបលោកត្រូវបានចោទប្រកាន់ថាបាន ព្យាយាមគេចវេះពីការត្រួតពិនិត្យរបស់ប៉ូលិសដោយបង្ខំឲ្យអ្នកដំណើរមកប្តូរកៅអីអង្គុយជាមួយគាត់ហើយបទល្មើសនេះហើយដែលរូបលោកត្រូវរងនូវការពិន័យជាប្រាក់រហូតដល់ ៤ពាន់ដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






