ក្រុមហាម៉ាសសម្រេចដោះលែងចំណាត់ខ្មាំងជនជាតិអាមេរិកពីរនាក់ម្តាយកូនឲ្យបានជួបគ្នាឡើងវិញនៅក្នុងទឹកដីអ៊ីស្រាអែល
- BY
- Pheakdey
- October 21, 2023
ហ្គាហ្សា៖ ក្រុមហាម៉ាសប៉ាឡេស្ទីនបានសម្រេចដោះលែងចំណាត់ខ្មាំងជនជាតិអាមេរិកចំនួន ២នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែតុលានេះ។ ចំណាត់ខ្មាំងទាំង ២រូបនោះរួមមានលោកស្រី Judith Tai Raanan អាយុ ៥៧ឆ្នាំ និងកូនស្រីបង្កើតរបស់គាត់គឺកញ្ញា Natalie អាយុ ១៧ឆ្នាំ ខណៈពួកគាត់គឺជាចំណាត់ខ្មាំងដំបូងហើយដែលត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ បើគិតចាប់តាំងពីមានការវាយប្រហារគ្នាមក។

ប្រភពខាងលើបានបន្តថា ការប្រកាសពីការដោះលែងចំណាត់ខ្មាំងត្រូវបានធ្វើឡើងដោយលោក Abu Ubaida ដែលជាអ្នកនាំពាក្យក្រុមហាម៉ាស ហើយបន្តិចក្រោយមកលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក៏បានប្រកាសផងដែរថា ពលរដ្ឋអាមេរិកទាំង ២រូបខាងលើនេះបានធ្វើដំណើរមកទឹកដីអ៊ីស្រាអែលវិញប្រកបដោយសុវត្ថិភាពហើយ។ ភ្លាមៗនោះលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ក៏បានធ្វើការទំនាក់ទំនងពីអាមេរិកមកដើម្បីជជែកសួរសុខទុក្ខពួកគាត់ទាំង ២រូបនេះផងដែរ ខណៈលោក ចូ បៃឌិន បានបញ្ជាក់ថា រដ្ឋាភិបាលមេរិកនឹងបន្តធ្វើកិច្ចការសំខាន់ៗមួយចំនួនបន្ថែមទៀតដើម្បីសម្របសម្រួលឲ្យមានការដោះលែងចំណាត់ខ្មាំងជាច្រើននាក់បន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






