រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើដល់ប្រជាពលរដ្ឋនិងប្រជានេសាទចូលរួមអភិរក្សសត្វផ្សោតទាំងអស់គ្នា
- October 21, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានស្នើដល់ប្រជាពលរដ្ឋនិងប្រជានេសាទ ចូលរួមអភិរក្សសត្វផ្សោតទាំងអស់គ្នា ដើម្បីការពារសត្វផ្សោតដែលជារតនសម្បត្តិធម្មជាតិដ៏កម្រមួយប្រភេទ នៅលើពិភពលោកនេះ ឱ្យនៅគង់វង្សក្នុងប្រទេសកម្ពុជា និងមានចំនួនកើនឡើងបន្ថែមទៀត។

ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ នេះ ចំនួនសត្វផ្សោតទន្លេមេគង្គមានការកើនឡើង ដោយចំនួនស្លាប់មានចំនួនតិចជាងចំនួនកើតថ្មី ដែលចំនួនកើតថ្មីនៅក្នុងឆ្នាំនេះមានចំនួន៧ក្បាល ហើយស្លាប់មានចំនួនត្រឹមតែ៤ក្បាលប៉ុណ្ណោះ ដូច្នេះជាទូទៅ ប្រសិនបើចំនួនសត្វផ្សោតមានកំណើនបីក្បាលលើចំនួនសត្វផ្សោតទាំងអស់នេះក្នុង១ឆ្នាំ សម្រាប់១០ឆ្នាំតទៅមុខទៀត សត្វផ្សោតនឹងមានការកើនឡើងប្រមាណ៣០ភាគរយ។ ឯកឧត្តមបានបន្តថា ដូច្នេះសម្រាប់ដៃគូពាក់ព័ន្ធ ប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទ សូមចូលរួមទាំងអស់ គ្នា ដោយត្រូវព្យាយាមអភិរក្សនិងថែរក្សាសត្វផ្សោត ធ្វើយ៉ាងណាកុំឱ្យមានអត្រាស្លាប់កើនឡើងខ្ពស់ ។
« ស្នើសុំទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមទាំងអស់គ្នាក្នុងការជួយថែរក្សា សត្វផ្សោតរបស់យើងជាពិសេសប្រជាពលរដ្ឋរស់នៅក្បែរជុំវិញអន្លង់ផ្សោតមិនហាមឃាត់ក្នុងការប្រកបរបរឬប្រជានេសាទនោះទេប៉ុន្តែសូមនេសាទដោយប្រើប្រាស់ឧបករណ៍ត្រឹមត្រូវតាមការកំណត់ ទៅកុំប្រើឧបករណ៍ណាដែលធ្វើឲ្យមានបញ្ហាក៏ដូចជាប៉ះពាល់ទៅដល់សត្វផ្សោតនោះ ហើយចំពោះការយល់ដឹងនេះគឺឃើញថាប្រជានេសាទក៏ដូចជាប្រជាពលរដ្ឋមានការយល់ដឹងច្រើន ហើយការខិតខំប្រឹងប្រែងរបស់យើងក៏ដូចជាជាមួយអង្គការដៃគូនិងស្ថាប័នផ្សេងផ្សេងទៀតគឺឃើញថាលទ្ធផលនៅក្នុងឆ្នាំនេះបានល្អប្រសើរដូច្នេះសង្ឃឹមថានៅក្នុងឆ្នាំក្រោយក្រោយទៀត លទ្ធផលនឹងនៅតែល្អ ហើយសត្វផ្សោតនឹងមានការកើនឡើង ជានិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយក្រោយទៀត» ។
ឯកឧត្តមបានបន្ថែមទៀតថា ការការពារសត្វផ្សោតទន្លេមេគង្គ គឺជាការអនុវត្តការងារដ៏មានមោទកភាពមួយ ហើយក៏ជាការរួមចំណែកផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជាការអភិរក្ស សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងធ្វើឱ្យសត្វដ៏កម្រមួយនេះមានការកើនឡើងមកវិញ។ សូមបញ្ជាក់ថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វ រងគ្រោះថ្នាក់ជិតផុតពូជបំផុ ។ លទ្ធផលនៃជំរឿនសត្វផ្សោតទន្លេមេគង្គដោយរដ្ឋបាលជលផលនិង អង្គការ WWF បានបង្ហាញថា មានសត្វផ្សោតចំនួន៩០ក្បាលដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា ៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






