មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថាជំនន់ទឹកភ្លៀងមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងបាក់ឌុបឆ្នាំ២០២៣នេះទេ
- October 24, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងមិនមានផលប៉ះពាល់ដល់ដំណើរប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ ទេ បើទោះបីជាមានសាលាខ្លះបានទទួលរងនូវការលិចលង់ក៏ដោយ។ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានមាន ប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ទោះបីមានសាលាខ្លះបានទទួលរងនូវការលិចលង់ក៏ដោយ តែមិនប៉ះពាល់ដល់ការប្រឡងបាក់ឌុប ដោយសារតែក្រសួងបានពិនិត្យមណ្ឌលប្រឡងគ្រប់ជ្រុងជ្រោយ តាំងពីទីតាំង បរិស្ថានជុំវិញ បរិស្ថានខាងក្នុង ចំនួនបន្ទប់ ស្ថានភាពបន្ទប់ ជាដើម។

លោកជំទាវបណ្ឌិត បានបន្ដថា ក្រសួងនៅតែបន្តធ្វើការជិតស្និទ្ធជាមួយមន្ទីរ ដើម្បីការពារ និងដោះស្រាយបញ្ហានានាករណីមានប្រធានសក្តិណាមួយកើតឡើង ដើម្បីឱ្យការប្រឡងនៅថ្ងៃទី០៦- ទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខបានប្រព្រឹត្តទៅតាមការគ្រោងទុក។ «ក្រសួងអប់រំ យុវជន និងកីឡា មុននឹងធ្វើការសម្រេចចិត្តនៅក្នុងការជ្រើសរើស គឺយើងមានអ្នកចូលរួមច្រើនក្នុងការសម្រេចចិត្តរួចម្ដងហើយ ក៏ដូចជាពិនិត្យមើលលើលទ្ធភាពបទពិសោធន៍របស់សាលាថាតើធ្លាប់មាន ឬមួយក៏ឆ្លងកាត់ការលិចទឹកឬក៏បញ្ហាណាផ្សេងទៀតដែរឬទេ។ និយាយរួមគឺយើងចៀសវាង នូវបញ្ហាទាំងអស់ហ្នឹង ហើយបច្ចុប្បន្នក៏នៅតែបន្តតាមដានយ៉ាងជិតស្និទ្ធ។ មួយវិញទៀតយើងក៏មានសាលារៀនមួយចំនួនទៀតនៅក្នុងខេត្តក្រុងនានាមិនត្រូវបានយកមកប្រើប្រាស់ជាមណ្ឌលប្រឡងទេ ហើយយើងជឿជាក់ថានៅក្នុងករណីមានបញ្ហាណាមួយកើតមានឡើង យើងនឹងអាចសហការជាមួយដៃគូពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរដែនដី ជាមួយនឹងមន្ទីរអប់រំយុវជននិងកីឡាខ្លួនឯងផ្ទាល់នឹងធ្វើការជ្រើសរើសមណ្ឌលប្រឡងណាផ្សេងមួយទៀតដែលមិនប៉ះពាល់ចំពោះទឹកជំនន់នេះ។ប៉ុន្តែជារួមមកដល់ពេលបច្ចុប្បន្ននេះ យើងតាមដានទៅមិនទាន់មានមណ្ឌលណាមួយប៉ះពាល់ដោយសារទឹកជំនន់ទេ»។
លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សដែលត្រូវប្រឡងនៅថ្ងៃទី០៦-ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ សូមយកចិត្តទុកដាក់ចំពោះសុខភាព ញាំអាហារឱ្យបានគ្រប់គ្រាន់ អាហារដែលមានប្រយោជន៍សម្រាប់សុខភាព កុំចូលគេងយប់ជ្រៅ និងកុំធ្វើដំណើរទៅណាឆ្ងាយ ធ្វើយ៉ាងណាឱ្យមានសុខភាពល្អ និងមានសមាធិនៅក្នុងការប្រឡង ដើម្បីទទួលបានលទ្ធផលល្អ៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






