G-Dragon កំពុងស្ថិតក្រោមការស៊ើបអង្កេតជុំវិញករណីប្រើប្រាស់គ្រឿងញៀន
- BY
- Pheakdey
- October 26, 2023
កូរ៉េខាងត្បូង៖ តារាចម្រៀងដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងគឺលោក G-Dragon ដែលជាសមាជិកក្រុម BIGBANG ម្នាក់ផងនោះកំពុងស្ថិតក្រោមការស៊ើបអង្កេតជុំវិញករណីប្រើប្រាស់គ្រឿងញៀន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលានេះ។ យ៉ាងណាក្តី ភ្នាក់ងារប៉ូលិសកូរ៉េខាងត្បូងបានបដិសេដមិនទាន់ធ្វើការបញ្ជាក់លម្អិតអំពីករណីខាងលើនេះនៅឡើយទេ ដ្បិតសំណុំរឿងកំពុងស្ថិតក្រោមការតាមដាន។

ចំពោះក្រុមហ៊ុន YG Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងលើក្រុមចម្រៀង BIGBANG វិញក៏បានបដិសេដមិនធ្វើការបកស្រាយអ្វីឡើយចំពោះករណីនេះ ដោយក្រុមហ៊ុនបានបញ្ជាក់ថា កុងត្រារបស់តារាចម្រៀងរូបនេះជាមួយនឹងក្រុមហ៊ុនបានអស់សុពលភាពតាំងពីខែមិថុនាមកម្លេះ។ គួររម្លឹកជូនថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក G-Dragon មានការពាក់ព័ន្ធក្នុងករណីប្រើប្រាស់គ្រឿងញៀន ដោយកាលពីឆ្នាំ ២០១១ កន្លងទៅ តារាចម្រៀង Rap ដែលមានឈ្មោះពិតថា Kwon Ji-yong រូបនេះក៏ត្រូវបានគេប្រទះឃើញជក់កញ្ឆានៅក្រៅក្លឹបរាត្រីមួយកន្លែងនៅក្នុងប្រទេសជប៉ុនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






