ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្ពានកោះនរា ជាសមិទ្ធផលថ្មីមួយទៀត កើតចេញពីការអភិវឌ្ឍប្រើរូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត”

    BY Khmernote Media October 30, 2023
    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្ពានកោះនរា ជាសមិទ្ធផលថ្មីមួយទៀត កើតចេញពីការអភិវឌ្ឍប្រើរូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត”

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត” គឺការយកថវិកាពីតំបន់អភិវឌ្ឍន៍មកអភិវឌ្ឍន៍នៅហ្នឹងកន្លែងតែម្ដង ពោលគឺការយកថវិកាពីតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងតភ្ជាប់បន្តទៅផ្លូវជាតិលេខ១ ។

    ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ជាពិសេស បានកាត់បន្ថយការចំណាយ ព្រមទាំងបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ ។ សមិទ្ធផលថ្មី និងដ៏សំខាន់មួយនេះ ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ។

    សូមបញ្ជាក់ផងដែរថា ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះនរា ដែលស្ថិតនៅខណ្ឌច្បារអំពៅ និងទីក្រុងរណបកោះពេជ្រ ស្ថិតនៅខណ្ឌចំការមន ដោយឆ្លងកាត់ទន្លេបាសាក់ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ ដែលសាងសង់ដោយក្រុមហ៊ុន OCIC។ ស្ពានខ្សែកាបដ៏ថ្មីសន្លាងមួយនេះ មានប្រវែង ៨៤៤ ម៉ែត្រ និង ទទឹង២៤,៥០ ម៉ែត្រ ចែកចេញជា ៤គន្លងរថយន្ត ២គន្លងទោចក្រយានយន្ត និង ២គន្លងសម្រាប់ថ្មើរជើង ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេទាំងសងខាងផងដែរ។ ស្ពានកោះនរា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay