អ៊ីស្រាអែលបញ្ជាក់ថា “បទឈប់បាញ់នឹងមិនកើតមានឡើយ” ខណៈតួលេខអ្នកបាត់បង់ជីវីតនៅតំបន់ហ្គាហ្សាកើនឡើងដល់ជាង ៨,៣០០នាក់
- BY
- Pheakdey
- October 31, 2023
អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា បទឈប់បាញ់ជាមួយនឹងក្រុមហាម៉ាសនឹងមិនមាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលានេះ។ ការថ្លែងខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិ ដែលទាមទារឲ្យមានបទឈប់បាញ់មួយជាបន្ទាន់ដើម្បីសម្រលសម្រួលឲ្យគេអាចយកជំនួយមនុស្សធម៌ទៅជួយពលរដ្ឋស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបាន។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu
ប្រភពខាងលើបានបន្តថា ផ្ទុយពីការទាមទារឲ្យមានបទឈប់បាញ់ពីសំណាក់អង្គការសហប្រជាជាតិ កងកម្លាំងអ៊ីស្រាអែលបែរជាបន្ថែមការវាយលុយយ៉ាងខ្លាំងទៅវិញទៅកាន់ក្រុមហាម៉ាសប៉ាឡេស្ទីន ពោលគឺបន្ថែមប្រតិបត្តិការណ៍យោធាទាំងតាមផ្លូវគោក និងតាមផ្លូវអាកាសផងដែរ។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីមានការប្រយុទ្ធគ្នានៅក្នុងថ្ងៃទី ៧ ខែតុលារហូតមកទល់នឹងពេលនេះភាគីខាងប៉ាឡេស្ទីនបានរាយការណ៍ថា មានមនុស្សស្លាប់រហូតដល់ជាង ៨,៣០០នាក់ហើយ ខណៈជនរងគ្រោះដោយប្រយោលវិញគឺមានចំនួនជាង ២,៤លាននាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






