ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ប្រកាសផ្ដល់ថវិកា ៤លានរៀល ដល់អ្នកដែលផ្តល់ព័ត៌មានពីអត្តសញ្ញាណជន ដែលធ្វើឲ្យកូនឈ្លូសមួយក្បាលបាត់បង់ជីវិត នៅឆ្នេរកុកហាវ

BY
Khmernote Media
October 31, 2023

ខេត្តកោះកុង៖ បន្ទាប់ពីផ្ទុះការចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក នូវវីដេអូខ្លីមួយ បង្ហាញពីសកម្មភាព អមនុស្សធម៌ របស់បុរសម្នាក់ ដែលយកដំបងជ្រុងវាយសំពងក្បាលកូនឈ្លូសកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង ពេលនេះលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រកាសផ្ដល់ថវិកាលើកទឹកចិត្តចំនួន បួនលានរៀល ដល់អ្នកណាដែលស្គាល់អត្តសញ្ញាណរបស់ ជនបង្កខាងលើនេះ។

តាមរយៈខ្លឹមសារសំណេររបស់ លោកជំទាវ មិថុនា ភូថង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគប្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាយសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។ ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់។

អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ មេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។ សូមអរគុណ »

ប្រភព៖ Mithona Phouthorng,មិថុនា ភូថង

Share This Post: