ព័ត៌មានជាតិ

ក្រោយមានការសម្របសម្រួលពីគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ករណីនាយក្រឹម និង ណុប ដាណេ ត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី

BY
Khmernote Media
October 31, 2023

រាជធានីភ្នំពេញ៖​ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ក្រោយពីបានជួបជជែកគ្នាទាំងសងខាងរវាង លោកពូ ក្រឹម និង ណុប ដាណេ ករណីរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី។

តាមរយៈខ្លឹមសារសំណេររបស់ ឯកឧត្តម កែវ រ៉េមី បានសរសេររៀបរាប់ថា៖ «ក្រោយពីបានជួបជជែកគ្នាទាំងសងខាង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជាមាន។ ខ្លឹមសារនឹងមានការផ្សព្វផ្សាយតាមរយៈវីដេអូខ្លី។ សូមអរគុណលោកជំទាវចន ចន្ទ័លក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានជួយអន្តរាគមន៍និងអរគុណជាអនេកជូន លោក អ៊ូ ប៊ុណ្ណារ៉ាត់ និងក្មួយ ណុប ដាណេ ដែលបានចូលរួមដោះស្រាយដើម្បីសុខដុមក្នុងសង្គមជាតិយើង» ។

សូមបញ្ជាក់ថា សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) បានស្នើទៅឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួយអន្ដរាគមន៍ ឱ្យលោកពូ ក្រឹម ចូលជួបពិភាក្សានិងធ្វើការបំភ្លឺលើមតិយោបល់ ដែលមានលក្ខណៈរើសអើងបេក្ខជនមួយរូបដែលជាអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះផងដែរ ៕

ប្រភព៖ Keo Remy

Share This Post: