ព័ត៌មានជាតិ

កុមារីតូចម្នាក់ រងការរលាកខ្លោចស្បែកកម្រិត២ ដោយសារផ្ទុះកំប៉ុងហ្គាស ត្រូវបានគ្រូពេទ្យគន្ធបុប្ផាភ្នំពេញ ថែទាំព្យាបាលក្នុងបន្ទប់វះកាត់ចំនួន ៩ដង រហូតជាសះស្បើយឡើងវិញ

BY
Khmernote Media
November 1, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា កុមារីតូចម្នាក់ រងការរលាកខ្លោចស្បែកកម្រិត២ អស់លើផ្ទៃមុខនិងដងខ្លួនចំនួន៦០ភាគរយ ដោយសារផ្ទុះកំប៉ុងហ្គាស កុមារីតូចនេះ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ថែទាំព្យាបាលក្នុងបន្ទប់វះកាត់៩ដង រហូតសង្គ្រោះឱ្យមានជីវិតឡើងវិញ។

តាមរយៈខ្លឹមសារក្នុងគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានបញ្ជាក់ថា​៖ «កុមារីតូច អាយុ២ឆ្នាំ មកពីខេត្តកណ្តាល រងការរលាកខ្លោចស្បែកកម្រិត២ អស់លើផ្ទៃមុខនិងដងខ្លួនចំនួន៦០% ដោយសារផ្ទុះកំប៉ុងហ្គាស ឪពុកនាងក៏រងរបួសរលាកជើងទាំង២ផងដែរ រាល់ការរលាកទាំងអស់តែងមានហានិភ័យខ្ពស់ និងពិបាកព្យាបាល ហើយប្រើពេលវេលាយូរ នាងតូចត្រូវបានថែទាំព្យាបាលកោសលស្បែកលាងរបួស ក្នុងបន្ទប់វះកាត់៩ដង និងធ្វើការបណ្តុះផ្សាំស្បែក (skin graft) អស់រយៈពេល២៧ថ្ងៃ ឯឪពុកនាងក៏ត្រូវបានព្យាបាលបានជាសះស្បើយផងដែរ។ »

Dr. Beat Richner ក៏សូមអរគុណក្រុមគ្រូពេទ្យជំនាញវះកាត់និងសង្រ្គោះបន្ទាន់ ដែលបានសង្គ្រោះជីវិត២នេះ អរគុណសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ- TYDA ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខនិងឧបត្ថម្ភថវិកានិងស្មារតី ដល់ចៅស្រី ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណមូលនិធិគន្ធបុប្ផាកម្ពុជានិងមូលនិធិគន្ធបុប្ផាស្វីស អរគុណក្រសួងសុខាភិបាល
អរគុណ ដល់សប្បុរសជនគ្រប់លំដាប់ថ្នាក់ ដែលតែងតែឧបត្ថម្ភគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ៕

ប្រភព៖ Dr. Beat Richner

Share This Post: