ព័ត៌មានជាតិ

ទីបំផុត! ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និមន្តព្រះអង្គវនវាសី ចន្ទ មុនី ទៅទេសនានៅខេត្តកំពត ត្រូវបានចាប់ខ្លួនហើយ

BY
Khmernote Media
November 1, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និមន្តព្រះអង្គវនវាសី ចន្ទ មុនី ទៅទេសនានៅខេត្តកំពត ត្រូវបានចាប់ខ្លួនហើយ ដោយជននេះ បានតាំងខ្លួនជាខ្សែរាជវង្ស ហើយតែងតែក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ។

ជនសង្ស័យឈ្មោះ ហាក់ ឧត្តម ក្រោយឃាត់ខ្លួនជនសង្ស័យនេះ បានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង នៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោក នៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទ មុនី ទៅសម្តែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រសួងព្រះបរមរាជវាំង បានចេញបដិសេធចំពោះព្រះរាជសារក្លែងក្លាយរបស់ជនខាងលើ ដែលបានសរសេរនិមន្ដ ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតី វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) និមន្ដទៅសម្ដែងព្រះធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទានរបស់ ព្រះមហាក្សត្រ និងហ្លូងម៉ែ នៅវត្តទេពវិមាន (ហៅវត្តកាន់ទ្រង់) ស្ថិតនៅឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពតនេះផងដែរ៕

ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

Share This Post: