អន្តរជាតិ

ថៃប្រកាសផ្តល់ប្រាក់ជាង ១ពាន់ដុល្លារ និងផ្តល់ប្រាក់កម្ចីជាង ៤ពាន់ដុល្លារទៅកាន់ពលរដ្ឋខ្លួនម្នាក់ៗ បើសិនពួកគេសម្រេចចិត្តចាកចេញពីអ៊ីស្រាអែល

BY
Pheakdey
November 1, 2023

ថៃ​៖ គណៈរដ្ឋមន្ត្រីថៃសម្រេចផ្តល់ប្រាក់លើកទឹកចិត្តចំនួន ៥០,០០០បាត (១,៣៨០ ដុល្លារអាមេរិក) សម្រាប់ពលរដ្ឋខ្លួនម្នាក់ៗដែលកំពុងស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីលើកទឹកចិត្តឲ្យពួកគេត្រលប់មកប្រទេសកំណើតវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១ ខែវិច្ឆិកានេះ។​ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយពលរដ្ឋថៃមួយចំនួនបានបដិសេធមិនព្រមចាកចេញពីប្រទេសអ៊ីស្រាអែលនោះទេ បើទោះជាមានការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាសក៏ដោយ​ ដ្បិតពួកគេមិនចង់បាត់បង់ការងារដែលពួកគេកំពុងធ្វើ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីជួយឧបត្ថម្ភជាប្រាក់សុទ្ធហើយ រដ្ឋាភិបាលថៃក៏បានសន្យាផ្តល់ប្រាក់កម្ចីចំនួន ១៥០,០០០បាត (៤,១៤៣ដុល្លារអាមេរិក) បន្ថែមទៀតផងដែរ ដើម្បីជួយលើកស្ទួយជីវភាពរបស់ពួកគេក្រោយបាត់បង់ការងារដែលកំពុងធ្វើនៅក្នុងប្រទេសអ៊ីស្រាអែល។ បើតាមក្រសួងការងារថៃបានបញ្ជាក់ថា មានពលរដ្ឋថៃសរុបប្រមាណជា ៣០,០០០នាក់ ដែលបានសម្រេចទៅធ្វើការងារនៅក្នុងប្រទេសអ៊ីស្រាអែល ហើយភាគច្រើននៃពួកគេគឺបានទៅធ្វើការងារនៅក្នុងវិស័យកសិកម្ម។ សូមបញ្ជាក់ជូនថា​ គិតត្រឹមពេលនេះមានពលរដ្ឋថៃចំនួន ៣២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ីស្រាអែ​ល​ ១៩នាក់បានរងរបួស និង ២២នាក់កំពុងត្រូវបានក្រុមហាម៉ាសចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: