អាជ្ញាធរជាតិអប្សរារៀបចំរបាសុវត្ថិភាព នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីការពារសុវត្ថិភាពភ្ញៀវ
- November 2, 2023
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរារៀបចំរបាសុវត្ថិភាព នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្តដើម្បីធានាបាននូវសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឆ្លងចូលទស្សនាប្រាសាទអង្គរវត្ត ក្រោយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២៣ ខាងមុខនេះ។

លោក ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា រចនាសម្ព័ន្ធរបស់ស្ពានហាល ត្រូវបានជួសជុលរួចរាល់ទាំងស្រុង នឹងបើកឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្តឡើងវិញនាពេលខាងមុខ។
លោកបន្តថា ដើម្បីគិតគូរខ្ពស់អំពីសុវត្ថិភាពរបស់ភ្ញៀវ ដែលបានផ្តោតការចាប់អារម្មណ៍ទៅលើតែសម្រស់របស់ស្ពាន ដែលទើបជួសជុលរួចរាល់ និងប្រាង្គប្រាសាទអង្គរវត្តដ៏ទាក់ទាញនោះ ភ្ញៀវអាចនឹងភ្លេចខ្លួនដើរហួសតួស្ពាន បណ្តាលឱ្យធ្លាក់ទឹក បង្កជាគ្រោះថ្នាក់ទៅវិញ ហេតុដូច្នេះអាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របា សុវត្ថិភាព នៅសងខាងនៃតួស្ពានហាល មានលក្ខណៈជាបង្កប់ ស្ទើរតែមិនអាចមើលឃើញនិងភ្នែកឡើយ។ ប៉ុន្តែនៅពេលដើរចូលទៅកៀក ភ្ញៀវទេសចរនឹងទទួលបានការភ្ញាក់អារម្មណ៍ ឱ្យបង្កើនការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរ។
លោកបញ្ជាក់ថា ការរៀបចំទាំងអស់នេះ គ្រាន់តែរំពឹងថា ភ្ញៀវទេសចរនិងទទួលបានសុវត្ថិភាព នៅពេលធ្វើដំណើរលើស្ពានបុរាណ ដែលទើបតែជួសជុលរួចរាល់ នឹងត្រៀមបើកឱ្យធ្វើដំណើរឆ្លងកាត់ឡើងវិញប៉ុណ្ណោះ។
គឺគាត់តែងតែលង់និងសោភ័ណភាពនៅក្នុងតំបន់ប្រាសាទរបស់យើង ហើយគាត់តែងចង់ថតរូបឱ្យបានច្រើនជាមួយនិងប្រាសាទ តាមរយៈការលង់លក់ជាមួយនិងសោភ័ណភាព ក៏ដូចជាមួយនិងសេចក្តីប៉ងប្រាថ្នាចង់ថតរូបឱ្យបានច្រើននោះ គាត់អាចនឹងភ្លេចខ្លួន ព្រោះតួស្ពានរបស់យើងមានប្រវែងកំណត់ទេ អ៊ីចឹងខ្លាចគាត់ដើរហួសពីតួស្ពាន។ អ៊ីចឹងយើងក៏បានរៀបចំជារបាមួយ ដែលរបានេះមានលក្ខណៈជាបង្កប់ សឹងតែមិនអនុញ្ញាតឱ្យមើលឃើញនឹងភ្នែកទេ បើសិនយើងមិនចាប់អារម្មណ៍នោះ។ ហេតុអ្វីបានជាយើងធ្វើក្នុងលក្ខណៈបែបនេះ ព្រោះបើសិនយើងធ្វើឱ្យឃើញច្បាស់ពេក វាធ្វើឱ្យប៉ះពាល់ ជាមួយទេសភាព និងភ្នែក ជាមួយនិងរចនាសម្ព័ន្ធរបស់តួស្ពានហាល ក៏ដូចជាប្រាសាទរបស់យើង។ ប៉ុន្តែបើសិនយើងទៅកៀកភ្ញៀវទេសចរប្រាកដជាទទួលបានការពញ្ញាក់អារម្មណ៍ថា សូមឱ្យគាត់មានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរ ក្រែងថតរូបស្អាតពេកទៅ ហួសពីតួស្ពានធ្លាក់នៅក្នុងទឹកកសិណ។
នាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់បន្ថែមទៀតថា ដោយ ការព្រួយបារម្ភអំពីភាពសឹករេចរឹលរបស់ថ្មនៃស្ពាន ទៅថ្ងៃអនាគត ដោយសារកំណើនរបស់ ភ្ញៀវធ្វើដំណើរឆ្លងកាត់នោះ អាជ្ញាធរជាតិអប្សរា នៅតែបន្តរក្សាទុក ស្ពានបណ្តែតទឹកឱ្យបន្តដំណើរការដដែល។ ដោយកំណត់ទិសដៅធ្វើដំណើរផ្សេងគ្នា គឺស្ពានហាលនឹងអនុញ្ញាតឱ្យភ្ញៀវធ្វើដំណើរឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្ត ចំណែកស្ពានបណ្តែតទឹក នឹងជាទិសដៅសម្រាប់ភ្ញៀវចាកចេញពីទស្សនាប្រាសាទមកវិញ៕




ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






