ជប៉ុន ផ្តើមបង្ហូរទឹកវិទ្យុសកម្មចូលមហាសមុទ្រប៉ាស៊ីហ្វិកដំណាក់កាលទី៣ ដែលមានបរិមាណ ៧,៨០០តោន
- BY
- Pheakdey
- November 2, 2023
ជប៉៉ុន៖ ប្រទេសជប៉៉ុននៅក្នុងថ្ងៃព្រហស្បតិ៍ទី២ នេះបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្មចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមួយដំណាក់កាលទៀតហើយ ដែលជាដំណាកកាលទី៣ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមក្រុមហ៊ុន Tokyo Electric Power បានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី៣នេះ ទឹកវិទ្យុសកម្មដែលត្រូវគេបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima គឺមានបរិមាណសរុប ៧,៨០០តោន។

គួររម្លឹកជូនថា ទឹកវិទ្យុសកម្មដែលជប៉ុនកំពុងបង្ហូរចូលទៅក្នុងសមុទ្រនៅពេលនេះ គឺជាទឹកដែលគេធ្លាប់ប្រើប្រាស់សម្រាប់ស្អំម៉ាស៊ីនរ៉េអាក់ទ័រឲ្យត្រជាក់ក្នុងអំឡុងពេលដែលរោងចក្រផលិតថាមពលនុយក្លេអ៊ែរ Fukushima បានផ្ទុះកាលពីឆ្នាំ ២០១១។ ប្រភពខាងលើបានបន្តថា ទឹកវិទ្យុសកម្មដែលជប៉ុនត្រូវបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima សរុបអាចមានទំហំប៊ុនអាងហែលទឹកអូឡាំពិករហូតដល់ ៥៤០អាងឯណោះ។ នៅចំពោះមុខសកម្មភាពនេះប្រទេសចិន និងរុស្ស៊ីបានធ្វើការរិះគន់យ៉ាងខ្លាំង ដោយបារម្ភខ្លាចទឹកវិទ្យុសកម្មនោះអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗ ហើយប្រទេសទាំង២នេះ បានសម្រេចផ្អាចនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុនទាំងស្រុងតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






