ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឱ្យផ្អាកជាបណ្តោះអាសន្ន ចំពោះទីតាំងអាជីវកម្មលក់ដូរមួយចំនួននៅជុំវិញមណ្ឌលប្រឡងបាក់ឌុបចាប់ពីថ្ងៃទី៥-៧ ខែវិច្ឆិកា

BY
Khmernote Media
November 3, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឱ្យផ្អាកជាបណ្តោះអាសន្ន ចំពោះទីតាំងអាជីវកម្មលក់ដូរមួយចំនួននៅជុំវិញមណ្ឌលប្រឡងបាក់ឌុប ចាប់ពីថ្ងៃទី៥-៧ ខែវិច្ឆិកា ដើម្បីកុំឱ្យរំខានដល់ការប្រឡងរបស់សិស្សានុសិស្ស។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ រយៈពេលចំនួន ០២ថ្ងៃ គឺនៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣១មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាល រាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡង ដូចខាងក្រោម៖

១- ផ្អាកជាបណ្ដោះអាសន្ន ចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់ សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣

២- ផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មនានា ដូចជាភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅជុំវិញ បរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣

៣-ដោយឡែកទីតាំងអាជីវកម្មផ្សេងទៀត ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេង ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ ដោយ សេចក្តីអនុគ្រោះ ក្រោយបញ្ចប់ការប្រឡងនេះ បងប្អូនអាជីវករទាំងអស់អាចបើកដំណើរការអាជីវកម្មជា ធម្មតាឡើងវិញ ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

Share This Post: