ក្រុមហ៊ុន Tsingtao ធ្វើការសុំទោសជាសាធារណៈជុំវិញករណីបុគ្គលិកនោមដាក់គ្រឿងផ្សំផលិតស្រាបៀរ និងបញ្ជាក់ថាជនបង្កហេតុត្រូវប៉ូលិសចាប់ខ្លួនហើយ
- BY
- Pheakdey
- November 3, 2023
ចិន៖ ក្រុមហ៊ុនផលិតស្រាបៀរ Tsingtao បានចេញមកធ្វើការសុំទោសជាសាធារណៈជុំវិញករណីមានបុគ្គលិកខ្លួនម្នាក់នោមដាក់គ្រឿងផ្សំសម្រាប់ផលិតស្រាបៀរនាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃសុក្រ ទី៣ ខែវិច្ឆិកានេះ។ បន្ថែមពីការសុំទោសតំណាងក្រុមហ៊ុនផលិតស្រាបៀរដ៏ធំរបស់ចិនមួយនេះក៏បានបញ្ជាក់ថា បុគ្គលិកដែលជាអ្នកបង្កបញ្ហាខាងលើនេះត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនហើយ និងកំពុងរង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់។

គួររម្លឹកជូនថា កាលពីថ្ងៃទី ១៩ ខែតុលាកន្លងទៅមានបុគ្គលិកបម្រើការងារនៅក្នុងរោងចក្រផលិតស្រាបៀរ Tsingtao ម្នាក់ឈ្មោះ Cui ត្រូវគេថតបាននូវសកម្មភាពអសីលធម៌មួយ ពោលគឺជាសកម្មភាពដែលគាត់បានឈរនោមនៅក្នុងធុងស្តុកគ្រឿងផ្សំសម្រាប់ផលិតស្រាបៀរដ៏ធំមួយដែលមានបរិមាណរហូតដល់ ៤០០តោន។ ភ្លាមៗក្រោយវីដេអូនោះបានបែកធ្លាយនៅក្នុងបណ្តាញសង្គម សាធារណជនបាននាំគ្នាធ្វើការរិះយ៉ាងខ្លាំងទៅកាន់ក្រុមហ៊ុនអំពីបញ្ហាអនាម័យរបស់ស្រាបៀរ Tsingtao ខណៈ Tsingtao គឺជាម៉ាកយីហោស្រាបៀរដ៏ល្បីបំផុតរបស់ប្រទេសចិន។ ក្រោយការស៊ើបអង្កេតខាងក្រុមហ៊ុនបានចេញមកបញ្ជាក់ថា សកម្មភាពខាងលើពិតជាបានកើតឡើងមែន ខណៈជនបង្កហេតុត្រូវរងនូវបទចោទថាបានបំផ្លាញទ្រព្យសម្បតិ្តក្រុមហ៊ុនដោយចេតនា និងបានធ្វើបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុនយ៉ាងខ្លាំង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






