នេប៉ាល់បានរងនូវគ្រោះរញ្ជួយដីកម្រិត ៦,៤រ៉ិចទ័រ និងបណ្តាលឲ្យមានអ្នកបាត់បង់ជីវិត ១២៨នាក់
- BY
- Pheakdey
- November 4, 2023
នេប៉ាល់៖ តួលេខអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីដែលបានកើតឡើងនៅក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃសុក្របានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ហើយបើគិតត្រឹមព្រឹកថ្ងៃសោរ៍ ទី៤ ខែតុលានេះតួលេខអ្នកស្លាប់បានបន្តកើនឡើងរហូតដល់ ១២៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ ពលរដ្ឋនេប៉ាល់ជាច្រើនរយនាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានរងរបួសធ្ងន់និងស្រាល ខណៈអ្នករងរបួសខ្លះកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនេប៉ាល់បានបញ្ជាក់ថា គ្រោះរញ្ជួយដីដែលបានវាយប្រហារតំបន់ភាគខាងលិចប្រទេសកាលពីថ្ងៃម្សិលមិញនេះគឺបានកើតឡើងនៅក្នុងកម្រិត ៦,៤ រ៉ិចទ័រ ខណៈមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាឡឺម៉ង់វិញបានអះអាងថា គ្រោះរញ្ជួយដីនោះបានកើតឡើងក្នុងកម្រិតត្រឹមតែ ៥,៧វ៉ិចទ័រប៉ុណ្ណោះ។ ប្រភពខាងលើបានឲ្យដឹងផងដែរថា គ្រោះរញ្ជួយដីខាងលើនេះគឺជាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតមួយសម្រាប់ប្រទេសនេប៉ាល់ បើគិតចាប់តាំងពីឆ្នាំ ២០១៥មក ហើយវាក៏បានធ្វើឲ្យនេប៉ាល់ត្រូវខាត់បង់ទ្រព្យសម្បត្តិសាធារណៈ និងសេដ្ឋកិច្ចដែលមានតម្លៃរាប់ពាន់លានដុល្លារផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






