ឥណ្ឌាបន្តបិទសាលារៀនក្នុងរដ្ឋធានីញូវដេលីបន្ថែមមួយសប្តាហ៍ទៀតព្រោះបញ្ហាខ្យល់កខ្វក់នៅមិនទាន់ថយចុះ
- BY
- Pheakdey
- November 5, 2023
ឥណ្ឌា៖ បញ្ហាខ្យល់កខ្វក់នៅតែបន្តការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងទីក្រុងញូវដេលី ដែលជារដ្ឋធានីរបស់ប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកានេះ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរក្រុងញូវដេលីបានប្រកាសបន្តបិទសាលារៀននៅក្នុងទីក្រុងរយៈពេល ១សប្តាហ៍បន្ថែមទៀត ដើម្បីធានាសុវត្ថិភាពរបស់ក្រុមសិស្សានុសិស្ស និងពិសេសនោះគឺក្រុមកុមារតូចៗដែលកំពុងរៀននៅថ្នាក់បឋមសិក្សា។

គួររម្លឹកជូនថា បញ្ហាខ្យល់កខ្វក់ខាងលើនេះបានផ្តើមកើតឡើងនៅក្នុងទីក្រុងញូវដេលីចាប់តាំងពីពាក់កណ្តាលសប្តាហ៍មុនម្លេះ ហើយអាជ្ញាធរក្រុងញូវដេលីក៏ធ្លាប់ដាក់ចេញវិធានការបិទសាលារៀនអស់រយៈពេល ៣ថ្ងៃរួចម្តងហើយដែរ ពោលគឺចាប់ពីថ្ងៃទី ៣ ខែវិច្ឆិការហូតដល់ថ្ងៃទី ៥ ខែវិច្ឆិកា ខណៈវិធានការបិទសាលារៀនថ្មីខាងលើនេះនឹងត្រូវមានសុពលភាពរហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា។ គួរបញ្ជាក់ជូនផងដែរថា បញ្ហាខ្យល់កខ្វក់ដែលកំពុងវាយប្រហារទីក្រុងដែលកំពុងមានពលរដ្ឋឥណ្ឌារស់នៅជាង ៣០លាននាក់នៅពេលនេះបានបង្កឡើងដោយសារកត្តាចំនួន ៣សំខាន់ៗរួមមាន ផ្សែងកខ្វក់បង្កឡើងដោយការដុតចំបើងពីសំណាក់ក្រុមប្រជាកសិករ ផ្សែងពុលចេញពីយានជំនិះគ្រប់ប្រភេទនៅក្នុងទីក្រុង និងការបំភាយផ្សែងពុលចេញពីរោងចក្រធំៗនៅក្នុងទីក្រុង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






