ព័ត៌មានជាតិ

បេក្ខជនប្រឡងបាក់ឌុប នឹងធ្លាក់ដោយស្វ័យប្រវត្តិបើរកឃើញលាក់សំណៅឯកសារក្នុងបន្ទប់ប្រឡង

BY
Khmernote Media
November 6, 2023

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍បញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុប ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្លាក់ដោយស្វ័យប្រវត្តិបើរកឃើញលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារផ្សេងៗ នៅក្នុងបន្ទប់ប្រឡង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បែបនេះ ក្នុងការអញ្ជើញផ្តល់កិត្តិយសបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការចូលរួមត្រួតពិនិត្យ ពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធនានាដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និង ត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន នៅព្រឹកថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺដើម្បីលើកទឹកចិត្តអោយសិក្សានុសិស្សខិតខំរៀនសូត្រ ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានដាក់ចេញគោលនយោបាយថ្មីសំរាប់វិស័យអប់រំ ដោយកន្លងមកមានយុទ្ធសាស្រ្តចតុកោណដែលមានកត្តាធនធានមនុស្ស ទឹក ផ្លូវ ភ្លើង ហើយសំរាប់យុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១គឺបានបន្ថែម បច្ចេកវិទ្យា និង វិទ្យាសាស្រ្ត។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ផ្តាំផ្ញើរដល់បេក្ខជនទាំងអស់ ត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង បន្ទប់ប្រឡងជាដាច់ខាត និងមិនត្រូវប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទបញ្ញត្តិ នៃការប្រឡងឡើយ។

សូមជម្រាបថា ដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និង ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដំណើរការ ស្រង់បូកពិន្ទុដោយកុំព្យូទ័រ និង ផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧,៤១២នាក់ (ស្រី៧៣,២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១,៣៧៩នាក់ (ស្រី២៤,៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦,០៣៣នាក់ (ស្រី៤៨,៤៨៩ នាក់)។ មណ្ឌលសំណេរមានចំនួនសរុប ២២៧មណ្ឌល ត្រូវជា៥,៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២មណ្ឌល ត្រូវជា១,៦៨២បន្ទប់ និង ថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១៥៥មណ្ឌល ត្រូវជា៣,៨៦១បន្ទប់។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។

សូមបញ្ជាក់ថា៖ក្រសួងអប់រំយុវជន និង កីឡា កំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅ ទូទាំងប្រទេស ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: