ទណ្ឌិតចំនួន ៩០២នាក់ នឹងត្រូវវាយតម្លៃបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះ
- November 6, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រសួងយុត្តិធម៌ នឹងមានរៀបចំកិច្ចប្រជុំពិនិត្យរបស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ។

សូមបញ្ជាក់ផងដែរថា គណៈកម្មការជាតិ បានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្ត (ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែទាំង០៤) ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៩០២នាក់ (ស្រី ៦១នាក់) រួមមានដូចខាងក្រោម៖
១-ពិធីបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា) បញ្ជីទណ្ឌិតចំនួន ៤៦៤នាក់ (ស្រី ៣៤នាក់) ដោយស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤៣២ នាក់ (ស្រី ២៩នាក់) និងស្នើសុំលើកលែងទោស ចំនួន ៣២នាក់ (ស្រី ០៥នាក់)។
២-ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ជីទណ្ឌិតចំនួន ៤៣៨ នាក់ (ស្រី ២៧ នាក់) ដោយស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤១៨នាក់ (ស្រី ២៦នាក់) និងស្នើសុំលើកលែងទោស ចំនួន ២០នាក់ (ស្រី ០១នាក់)៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






