ហេតុការណ៍បាក់ដំបូលក្លឹបហាត់ប្រាណមួយកន្លែងនៅប្រទេសចិនបានបណ្តាលឲ្យមនុស្ស ៣នាក់បាត់បង់ជិវិត និងម្នាក់រងរបួស
- BY
- Pheakdey
- November 7, 2023
ចិន៖ យ៉ាងយោចណាស់មានមនុស្ស ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដំបូលអគារដែលជាកន្លែងហាត់ប្រាណមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៧ ខែវិឆ្ឆិកានេះ។ ក្លឹបហាត់ប្រាណដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Yuecheng Fitness Gymnasium ស្ថិតនៅក្នុងទីក្រុង Jiamusi ខេត្ត Heilongjiang ខណៈហេតុការណ៍អកុសលនេះបានកើតឡើងនៅម៉ោង ៧ និង ២០នាទីល្ងាចថ្ងៃចន្ទម្សិលមិញនេះ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ នៅមានមនុស្សម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរនិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈក្នុងអំឡុងពេលមានការបាក់ដំបូលអគារនោះគឺមានមនុស្សចំនួន ៧នាក់កំពុងស្ថិតនៅក្នុងក្លឹបហាត់ប្រាណនោះ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរចិនកំពុងបើកស៊ើបអង្កេតជាបន្ទាន់មួយដើម្បីស្វែករកឲ្យឃើញអ្នកទទួលខុសត្រូវចំពោះករណីនេះ និងផ្តន្ទាទោសពួកគេឲ្យបានម៉ឺងម៉ាត់ទៅតាមផ្លូវច្បាប់។ គួរកត់សម្គាល់ថា ហេតុការណ៍ដួលរលំអគារ ឬបាក់ដំបូលអគារធ្លាក់មកសង្កត់លើមនុស្សបានកើតមានជារឿងៗនៅក្នុងប្រទេសចិន ហើយមូលហេតុដែលនាំឲ្យមានរឿងទាំងនេះកើតឡើងគឺភាគច្រើនដោយសារអគារទាំងអស់នោះត្រូវបានសាងសង់ឡើងដោយគ្មានគុណភាព និងគ្មានការត្រួតពិន័យអំពីសុវត្ថិភាពអគារឲ្យបានត្រឹមត្រូវជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






