តូបលក់ទំនិញមួយកន្លែងនៅចិនទទួលបានងារជា “តូបលក់អីវ៉ាន់ដែលពិបាកទៅទិញជាងគេបំផុតនៅលើពិភពលោក”
- BY
- Pheakdey
- November 8, 2023
ចិន៖ តូបលក់ទំនិញមួយកន្លែងនៅក្នុងប្រទេសចិនកំពុងទទួលបានងារជា “តូបលក់អីវ៉ាន់ដែលពិបាកទៅទិញជាងគេបំផុតនៅលើពិភពលោក” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Next Shark។ តូបលក់អីវ៉ាន់ដែលកំពុងទទួលបានការចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គមមួយនេះមានទីតាំងនៅក្នុងឧទ្យានជាតិ Shiniuzhai National Geological Park ដែលស្ថិតនៅក្នុងខេត្ត Hunan ភាគខាងលិចប្រទេសចិន។

ចាប់ផ្តើមបើកលក់នៅក្នុងឆ្នាំ ២០១៨ តូបលក់អីវ៉ាន់មួយកន្លែងនេះត្រូវបានគេធ្វើឡើងពីឈើ និងដាក់ជាប់នៅលើច្រាំងថ្មតាមផ្លូវសម្រាប់គេឡើងនៅលេងនៅលើកំពូលភ្នំ ខណៈតូបដ៏កម្រនេះគឺមានកម្ពស់ ១២០ម៉ែត្រពីដី។ ប្រភពខាងលើបានបន្តថា តាមធម្មតាតូបលក់អីវ៉ាន់នៅលើអាកាសនេះត្រូវបើកលក់ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ខណៈអតិថិជនដែលមកទិញអីរ៉ាន់នៅក្នុងតូបនេះវិញគឺសុទ្ធតែជាក្រុមអ្នកទេសចរដែលត្រូវឡើងទៅលេងនៅលើកំពូលភ្នំ។ ចំណុចពិសេសមួយរបស់តូបលក់អីវ៉ាន់តូចមួយនេះគឺអតិថិជនអាចប្រើប្រាស់ QR Code សម្រាប់ទូទាត់ការទិញទំនិញផ្សេងៗបាន ខណៈទំនិញដែលលក់នៅក្នុងតូបនោះគឺមានតម្លៃសមរម្យដូចទំនិញដែលមានដាក់លក់នៅតាមតូប ឬហាងទូទៅអីចឹងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Next Shark
- Share This Post:






