ក្រុមហ៊ុនអាកាសចរណ៍ចិន China Southern Airlines សុខចិត្តទទួលខុសត្រូវចំពោះបញ្ហាបច្ចេកទេសមួយ ដែលធ្វើឲ្យអ្នកដំណើរអាចទិញសំបុត្រយន្តហោះក្នុងតម្លៃត្រឹមតែ ១ ដុល្លារ
- BY
- Pheakdey
- November 11, 2023
ចិន៖ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានចេញមកបញ្ជាក់ថា ខាងក្រុមហ៊ុននឹងគោរពនូវការដាក់លក់សំបុត្រយន្តហោះដែលមានតម្លៃត្រឹមតែ ១០យន់ (១,៣ ដុល្លារ) ដែលតាមការពិតទៅតម្លៃសំបុត្រដ៏ថោកនេះមិនមែនជាការផ្តល់ជូនពិសេសអ្វីឡើយ តែវាជាបញ្ហាបច្ចេកទេសប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកានេះបានបញ្ជាក់ថា រឿងរ៉ាវចម្រូងចម្រាសនេះបានកើតឡើងតាំងពីថ្ងៃពុធកន្លងទៅម្លេះ ដោយជើងហោះហើរក្នុងស្រុកមួយចំនួនរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនដ៏ធំខាងលើនេះដែលបានដាក់លក់នៅក្នុងកម្មវិធីទូរស័ព្ទដៃ China Southern App ត្រូវបានគេមើលឃើញថាមានតម្លៃថោកមិនគួរឲ្យជឿ ពោលគឺមានតម្លៃត្រឹមតែ ១០យន់ (១,៣ ដុល្លារ) ២០យន់ (២,៦ដុល្លារ) និង ៣០យន់ (៣,៩ដុល្លារ)ជាដើម។

ប្រភពខាងលើបានបន្តថា ការដាក់លក់សំបុត្រយន្តហោះក្នុងតម្លៃដ៏ទាបនេះបានកើតឡើងក្នុងរយៈពេលត្រឹមតែ ២ម៉ោងប៉ុណ្ណោះ ខណៈអ្នកដំណើរមួយចំនួនក៏បានបញ្ជាទិញសំបុត្រយន្តហោះក្នុងពេលដែលវាមានតម្លៃទាបនេះផងដែរ។ ប៉ុន្មានម៉ោងក្រោយមកខាងក្រុមហ៊ុន China Southern Airlines ក៏បានចេញមកបញ្ជាក់ថា មុននេះបន្តិច App របស់ក្រុមហ៊ុនមានបញ្ហាបច្ចេកទេស ទើបធ្វើឲ្យតម្លៃសំបុត្រយន្តហោះត្រូវចុះថោកមិនគួរឲ្យជឿនេះ។ យ៉ាងណាក្តី សម្រាប់អ្នកដែលបានទិញសំបុត្ររួចហើយមួយចំនួនបានទទូចឲ្យខាងក្រុមហ៊ុនទទួលខុសត្រូវចំពោះសំបុត្រយន្តហោះដែលពួកគេបានទិញរួចហើយ ដ្បិតពួកគេបានសម្រេចទិញសំបុត្រទាំងនោះព្រោះតែមានតម្លៃថោកនេះឯង។ ដើម្បីបង្ហាញការទទួលខុសត្រូវរបស់ខ្លួននៅក្នុងថ្ងៃនេះខាងក្រុមហ៊ុនបានចេញមកបញ្ជាក់ថា សម្រាប់អ្នកដែលបានទិញសំបុត្រក្នុងតម្លៃថោកៗដូចបានជម្រាបជូនខាងលើនេះរួចហើយ គឺអាចប្រើប្រាស់សំបុត្រយន្តហោះទាំងនោះបានជាធម្មតា។ សូមបញ្ជាក់ថា ជាទូទៅសំបុត្រយន្តហោះដែលមានតម្លៃត្រឹមតែ ១០យន់ គឺអាចមានតម្លៃចន្លោះពី ៤០០-៥០០យន់ (៥៥ដុល្លារ-៦៨ដុល្លារ) ហើយបន្ថែមពីការចំណាយលើសំបុត្រយន្តហោះ គឺគ្រប់អ្នកដំណើរទាំងអស់ត្រូវចំណាយលើថ្លៃព្រលានយន្តហោះចំនួន ១១០យន់បន្ថែមទៀត បើទោះជាពួកគេបានទិញសំបុត្រយន្តហោះក្នុងកម្មវិធីប្រម៉ូសិនពិសេសយ៉ាងណាក៏ដោយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






