អន្តរជាតិ

WHO៖ តួលេខអ្នកបាត់បង់ជីវិតនៅតំបន់ហ្គាហ្សាកើនឡើងដល់ ១១,០០០នាក់ ខណៈគិតជាមធ្យមគឺមានកុមារម្នាក់បានបាត់បង់ជីវិតនៅរៀងរាល់ ១០នាទី

BY
Pheakdey
November 11, 2023

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា គិតជាមធ្យមគឺមានកុមារម្នាក់នៅតំបន់ហ្គហ្សាបានស្លាប់បាត់បង់ជីវិតនៅរៀងរាល់ ១០នាទីម្តង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលប្រធានអង្គការសុខភាពពិភពលោករូបនេះត្រូវធ្វើសេចក្តីថ្លែងការពិសេសមួយនៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីយប់ម្សិលមិញនេះ។

លោក Tedros Adhanom បានបញ្ជាក់ទៀតថា គិតត្រឹមពេលនេះនៅក្នុងតំបន់ហ្គាហ្សាទាំងមូលគឺគ្មានកន្លែងណាមួយមានសុវត្ថិភាព និងគ្មានអ្នកណាម្នាក់មានសុវត្ថិភាពនោះទេ ពោលគឺពលរដ្ឋនៅតំបន់ហ្គាហ្សាទាំងអស់សុទ្ធតែអាចប្រឈមនឹងគ្រោះថ្នាក់រហូតដល់ការស្លាប់បាត់បង់ជីវិត បើទោះជាពួកគេព្យាយាមលាក់ខ្លួននៅក្នុងទីតាំងណាមួយក៏ដោយ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះតួលេខពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់បាត់បង់ជីវិតដោយការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាបានកើនឡើងរហូតដល់ខ្ទង់ ១១,០០០នាក់ហើយ ខណៈកម្តៅនៃការប្រយុទ្ធគ្នាហាក់គ្មានតម្រុយនៃការបិទបញ្ចប់ទាល់តែសោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: