វៀតណាមកាត់ទោសប្រហារជីវិតមនុស្ស ១៨នាក់ក្នុងករណីរត់ពន្ធគ្រឿងញៀនពីកម្ពុជាទៅក្រុងហូជីមិញ ក្នុងនោះមានជនជាតិចិនម្នាក់ និងកូរ៉េខាងត្បូង ២នាក់
- BY
- Pheakdey
- November 12, 2023
វៀតណាម៖ តុលាការក្រុងហូជីមិញ ប្រទេសវៀតណាមសម្រេចកាត់ទោសប្រហារជីវិតមនុស្សចំនួន ១៨នាក់ដែលបានពាក់ព័ន្ធនឹងករណីរត់ពន្ធគ្រឿងញៀន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកានេះ។ នៅក្នុងចំណោមជនល្មើសគ្រឿងញៀនទាំង ១៨នាក់នោះ គឺមានជនបរទេសចំនួន ៣នាក់ ដោយម្នាក់ជាជនជាតិចិន និង ២នាក់ជាជនជាតិកូរ៉េខាងត្បូង ខណៈជនល្មើសចំនួន ១៥នាក់ផ្សេងទៀតគឺជាពលរដ្ឋវៀតណាម។
ប្រភពខាងលើបានបន្តថា ជនល្មើសជាជនជាតិចិនមានឈ្មោះ Li Tian Guan អាយុ ៥៨ឆ្នាំ ខណៈជនល្មើសជនជាតិកូរ៉េខាងត្បូងវិញគឺមានម្នាក់ជាអតីតប៉ូលិសមានឈ្មោះថា Kim Soon-sik អាយុ ៦៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ Kang Seon-hok អាយុ ៣០ឆ្នាំ។ បើតាមតុលាការវៀតណាតបានបញ្ជាក់ថា ក្រុមជនល្មើសទាំងនេះគឺជាមុខសញ្ញារត់ពន្ធគ្រឿងញៀនពីប្រទេសកម្ពុជាចូលទៅកាន់ទីក្រុងហូជីមិញកាលពីឆ្នាំ ២០២០កន្លងទៅ ហើយគ្រឿងញៀនដែលពួកគេបានរត់ពន្ធនោះគឺមានជាច្រើនប្រភេទ និងមានទម្ងន់សរុបចំនួន ២១៦គីឡូក្រាម។ សូមបញ្ជាក់ជូនថា វៀតណាមគឺជាប្រទេសដែលមានច្បាប់ប្រឆាំងនឹងគ្រឿងញៀនយ៉ាងតឹងរឹងបំផុតមួយនៅលើពិភពលោក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






