មនុស្ស ៤នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍បាក់អគារមួយកន្លែងទៅកណ្តាលទីក្រុងក្នុងប្រទេសចិន
- BY
- Pheakdey
- November 12, 2023
ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់អគារដ៏គួរឲ្យរន្ធត់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកានេះ។ អគារដែលជាកន្លែងកើតហេតុនោះមានទីតាំងស្ថិតនៅកណ្តាលទីក្រុង Wenzhou ខេត្ត Zhejiang ភាគខាងកើតនៃប្រទេសចិន។

ប្រភពខាងលើបានបន្តថា ហេតុការណ៍បាក់អគារបានកើតឡើងក្រោយពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈអគារកំពុងស្ថិតនៅក្នុងដំណាក់កាលជួសជុលនៅឡើយ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែក្រុមកម្មករសំណង់ដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានខាងលើនេះតែម្តង។ គួររម្លឹកជូនថា ថ្មីៗនេះប្រទេសចិនបានកត់ត្រាករណីបាក់អគារជាបន្តបន្ទាប់ ដោយកាលពីសប្តាហ៍មុនមានហេតុការណ៍បាក់ដំបូលក្លឹបហាត់ប្រាណមួយកន្លែងបានកើតឡើងនៅក្នុងខេត្ត Heilongjiang ដែលបានបណ្តាលឲ្យមនុស្ស ៣នាក់ត្រូវស្លាប់បាត់បង់ជីវិត ហើយកាលពីខែកក្កដាកន្លងទៅនៅក្នុងខេត្តដដែលនេះក៏បានជួបប្រទះនូវហេតុការណ៍បាក់ដំបូលសាលារៀនដ៏កម្រមួយផងដែរ ដែលបានបណ្តាលឲ្យកូនសិស្សចំនួន ១១នាក់ត្រូវស្លាប់បាត់បង់ជីវិត៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






