អន្តរជាតិ

សត្វតោមួយក្បាលបង្ហាញខ្លួនយ៉ាងចម្លែកនៅកណ្តាលទីក្រុងរ៉ូម និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអស់រយៈពេលប្រមាណជា ៥ម៉ោង

BY
Pheakdey
November 12, 2023

អ៊ីតាលី៖ សត្វតោមួយក្បាលត្រូវបានគេប្រទះឃើញដើរនៅតាមដងផ្លូវសំខាន់ៗជាច្រើនកន្លែងនៅក្នុងទីក្រុងរ៉ូម ដែលជារដ្ឋធានីរបស់ប្រទេសអ៊ីតាលី និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកានេះបានបញ្ជាក់ថា ហេតុការណ៍ដ៏កម្រនេះបានកើតឡើងតាំងតែពីយប់ថ្ងៃសៅរ៍ម្ល៉េះ ខណៈការបង្ហាញខ្លួនរបស់សត្វតោមួយក្បាលនេះបានកើតឡើងអស់រយៈពេលប្រមាណជា ៥ម៉ោងទម្រាំគេអាចចាប់យកវាទៅវិញបាន។

ភ្លាមៗក្រោយប្រទះឃើញហេតុការណ៍ដ៏ចម្លែកនេះ អាជ្ញាធរក្រុងរ៉ូមបានជូនដំណឹងកុំឲ្យពលរដ្ឋចេញពីផ្ទះ ដើម្បីរក្សាសុវត្ថិភាពពីការវាយប្រហារណាមួយពីសំណាក់សត្វតោ និងបានបញ្ជាឲ្យក្រុមអ្នកជំនាញផ្នែកសត្វត្រូវចេញធ្វើអន្តរាគមន៍ចាប់សត្វតោនោះជាបន្ទាន់ មុនពេលវាអាចបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់។ ប្រភពខាងលើបានបន្តថា សត្វតោមួយក្បាលនេះបានរត់ចេញពីកន្លែងលេងសៀកមួយកន្លែងក្នុងទីក្រុងរ៉ូម ហើយវាមិនមែនជាពពួកសត្វតោកាចសាហាវនោះទេ។ យ៉ាងណាក្តី គេត្រូវប្រើពេលជាច្រើនម៉ោងនិងកម្លាំងមនុស្សសជាច្រើននាក់ទើបអាចចាប់សត្វតោនោះបាន ខណៈគ្មានពលរដ្ឋណាម្នាក់បានរងគ្រោះថ្នាក់ពីការវាយប្រហាររបស់សត្វតោនោះទេ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: