អន្តរជាតិ

លោក ស៊ី ជីនពីង បញ្ជាក់ថា ចិនគ្មានគម្រោងឈ្លានពានកោះតៃវ៉ាន់នៅឆ្នាំ ២០២៧នោះទេ ខណៈក្រុមអ្នកវិភាគប្រាប់ឲ្យតៃវ៉ាន់បន្តការប្រុងប្រយ័ត្ន

BY
Pheakdey
November 18, 2023

លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានបញ្ជាក់ថា ចិនគ្មានគម្រោងធ្វើការឈ្លានពានកោះតៃវ៉ាន់ដូចអ្វីដែលក្រុមអ្នកវិភាគភូមិសាស្រ្តនយោបាយបានលើកឡើងនាពេលកន្លងមកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time នៅយប់ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះ។ សេចក្តីបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោក ស៊ី ជីនពីង បានអញ្ជើញទៅសហរដ្ឋអាមេរិកដើម្បីជួបពិភាក្សាដោយផ្ទាល់អំពីបញ្ហាមួយចំនួនជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន។

យ៉ាងណាក្តី ក្រុមអ្នកវិភាគនៅតែបន្តណែនាំឲ្យកោះតៃវ៉ាន់ត្រូវតែរក្សាជំហរប្រុងប្រយ័ត្ត និងត្រៀមការពារខ្លួនពីការឈ្លានពានទឹកដីឲ្យបានខ្ជាប់ខ្ជួន ដ្បិតភាគខាងប្រទេសចិនមានកម្លាំងយោធានិងសម្ភារៈយោធាគ្រប់គ្រាន់សម្រាប់ធ្វើការឈ្លានពានកោះតៃវ៉ាន់នៅក្នុងពេលណាមួយនៅថ្ងៃអនាគត។ សូមរម្លឹកជូនថា ថ្មីៗនេះមានរបាយការណ៍ពិសេសមួយដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយអាមេរិកបានបង្ហាញថា ប្រទេសចិនមានគម្រោងបើកការឈ្លានពានតោះតៃវ៉ាន់នៅក្នុងឆ្នាំ ២០២៧ ឬ នៅក្នុងឆ្នាំ ២០៣៥ ពោលគឺចិននឹងអ្វីដូចដែលប្រទេសរុស្ស៊ីកំពុងតែធ្វើទៅកាន់ប្រទេសអ៊ុយក្រែនអីចឹងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Strait Time

Share This Post: