អ៊ីស្រាអែលយល់ព្រមអនុវត្តបទឈប់បាញ់និងដោះលែងអ្នកទោសប៉ាឡេស្ទីន ១៥០នាក់ ដើម្បីដូរយកចំណាប់ខ្មាំង ៥០នាក់ពីក្រុមហាម៉ាសមកវិញ
- BY
- Pheakdey
- November 22, 2023
ហ្គាហ្សា ៖ នៅក្នុងថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាសបានយល់ព្រមគ្នាអនុវត្តនូវបទឈប់បាញ់មួយ ដែលជាកិច្ចព្រមព្រៀងលើកដំបូងផងដែរ បើគិតចាប់ពីមានការប្រយុទ្ធគ្នានៅក្នុងថ្ងៃទី ៧ ខែតុលាមក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា បទឈប់បាញ់នេះនឹងត្រូវអនុវត្តក្នុងរយៈពេលចំនួន ៤ថ្ងៃ ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយសប្បុរសធម៌សម្រាប់យកមកជួយពលរដ្ឋស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

ប្រភពខាងលើបានបន្តថា នៅក្នុងការអនុវត្តឈប់បាញ់នេះភាគីទាំង២ ក៏បានយល់ព្រមដោះដូរចំណាប់ខ្មាំងជាមួយគ្នាផងដែរ ដោយភាគីខាងក្រុមហាម៉ាសបានយល់ព្រមដោះលែងចំណាត់ខ្មាំងដែលខ្លួនបានចាប់យកទៅចំនួន ៥០នាក់ ជាថ្នូរឲ្យភាគីខាងអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១៥០នាក់ ដែលកំពុងជាប់ឃុំឃាំងនៅក្នុងប្រទេសអ៊ីស្រាអែល។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះភាគីខាងប៉ាឡេស្ទីនបានរាយការណ៍ថា ក្នុងការប្រយុទ្ធគ្នានាពេលកន្លងមកបានបណ្តាលឲ្យពលរដ្ឋខ្លួនជាង ១៤,០០០នាក់ហើយដែលត្រូវស្លាប់បាត់បង់ជីវិត ហើយខាងអ៊ីស្រាអែលវិញមានតួលេខអ្នកស្លាប់ប្រមាណជា ១,២០០នាក់ ខណៈការប្រយុទ្ធគ្នានឹងត្រូវអូសបន្លាយជាច្រើនខែទៅមុខទៀត៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






