អន្តរជាតិ

Alibaba ចេញមកបញ្ជាក់ពីករណីគ្រោងបញ្ឈប់បុគ្គលិក ២៥,០០០នាក់ និងករណីលោក Jack Ma គ្រោងលក់ភាគហ៊ុន

BY
Pheakdey
November 22, 2023

ចិន៖ ក្រុមហ៊ុនលក់ទំនិញតាមបណ្តាញអ៊ីនធឺណិតខ្នាតយក្សរបស់ចិនគឺក្រុមហ៊ុន Alibaba Group Holding បានចេញមកបញ្ជាក់ថា ក្រុមហ៊ុនគ្មានគម្រោងកាត់បន្ថយបុគ្គលិកចំនួ​ន ២៥,០០០នាក់ដូចពាក្យចចាមអារាមដែលកំពុងផ្ទុះនៅតាមបណ្តាញសង្គមនោះទេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា សេចក្តីបញ្ជាក់ខាងលើត្រូវបានធ្វើឡើងដោយលោកស្រី Jane Jiang ដែលជាប្រធានផ្នែកបុគ្គលិករបស់ក្រុមហ៊ុនតាមរយៈលិខិតជូនដំណឹងផ្លូវការមួយចុះថ្ងៃទី ២២ ខែវិច្ឆិកានេះ។

ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងធ្វើការបដិសេធចំពោះពាក្យចចាមអារាមដែលបានផ្ទុះឡើងក្នុងរយៈពេលប្រមាណជា ២សប្តាហ៍មកហើយនេះ ខាងក្រុមហ៊ុនក៏បានរាយការណ៍ករណីនេះជូនទៅខាងប៉ូលិសជំនាញផងដែរដើម្បីស្វែងរកអ្នកប្រឌិដ្ឋព័ត៌មានឲ្យមកទទួលខុសត្រូវនៅចំពោះមុខច្បាប់។ យ៉ាងណាក្តី ដំណាងរបស់ក្រុមហ៊ុន Alibaba Group Holding បានបញ្ជាក់ថា ពាក្យចចាមអារាមដែលថា អតីតប្រធានក្រុមហ៊ុននិងជាសហស្ថាបនិកក្រុមហ៊ុនគឺលោក Jack Ma មានគម្រោងចង់លក់ភាគហ៊ុននោះគឺជាការពិត តែព័ត៌មានលម្អិតស្តីអំពីការលក់ភាគហ៊ុននេះនឹងត្រូវធ្វើឡើងជាសាធារណៈនៅក្នុងពាក់កណ្តាលខែឆ្នូ ខាងមុខនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: