អន្តរជាតិ

សត្វរុយមួយក្បាលត្រូវបានគេរកឃើញនៅជាប់ក្នុងពោះវៀនអ្នកជំងឺម្នាក់យ៉ាងកម្របំផុត

BY
Pheakdey
November 23, 2023

សត្វរុយមួយក្បាលត្រូវបានគេរកឃើញនៅក្នុងពោះវៀនធំរបស់អ្នកជំងឺម្នាក់ដែលមកឆ្លុះពោះវៀនដើម្បីស្វែងរកជំងឺមហារីក ខណៈការរកឃើញនេះគឺជារឿងដ៏កម្របំំផុតនៅក្នុងវិស័យវេជ្ជសាស្រ្ត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកានេះបានឲ្យដឹងថា អ្នកជំងឺរូបនេះគឺជាពលរដ្ឋជនជាតិអាមេរិកម្នាក់ ដែលមានអាយុ ៦៣ឆ្នាំ។

ប្រភពខាងលើបានបន្តថា ក្នុងពេលរកឃើញគឺសត្វរុយមួយក្បាលនោះបានងាប់បាត់ទៅហើយ ខណៈរាងកាយរបស់វាគឺនៅទាំងមូលតែម្តង។ សម្រាប់ក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកឆ្លុះពោះវៀនបានលើកឡើងថា ករណីខាងលើនេះគឺជារឿងដែលមិននឹងស្មានដល់ឡើយ ហើយគេក៏មិនអាចពន្យល់ឲ្យបានច្បាស់ដែរថាតើសត្វរុយនោះអាចជាប់នៅក្នុងពោះវៀនរបស់អ្នកជំងឺដោយរបៀបណា ដ្បិតមុនពេលឆ្លុះពោះវៀនគឺអ្នកជំងឺតម្រូវឲ្យតមអាហារ និងលេបថ្នាំសម្រាប់លាងសម្អាតពោះវៀនជាមុនសិនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: