អន្តរជាតិ

បណ្តាញសង្គម X ប្រឈមនឹងការខាត​បង់ប្រាក់ ៧៥លានដុល្លារដោយសារក្រុមហ៊ុនធំៗជាច្រើនសម្រេចផ្អាកផ្សាយពាណិជ្ជកម្មជាមួយ

BY
Pheakdey
November 25, 2023

អាមេរិក៖ ក្រុមហ៊ុនបណ្តាញសង្គម X កំពុងប្រឈមនឹងការខាតបង់​ប្រាក់ចំនួន ៧៥លានដុល្លារនៅត្រឹមចុងឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកានេះ។ ការខាតបង់ប្រាក់យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីនេះគឺដោយសារតែក្រុមហ៊ុនធំៗជាច្រើនបានសម្រេចឈប់ផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គមមួយនេះយ៉ាងឆាប់រហ័ស។

ប្រភពខាងលើបានបន្តថា ហេតុផលដែលបង្ខំឲ្យក្រុមហ៊ុនធំៗជាច្រើនផ្អាកការផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គម X នោះគឺដោយសារតែ Platform ថ្មីរបស់បណ្តាញសង្គម X បានធ្វើឲ្យក្រុមហ៊ុនទាំងនោះពិបាកផ្សព្វផ្សាយផលិតផលឲ្យដល់អតិថិជនគោលដៅរបស់ពួកគេ ហើយម្យ៉ាងទៀតបញ្ហាជាច្រើនរបស់លោក Elon Musk ក៏អាចជះឥទ្ធិពលដល់ទម្រង់នៃការផ្សាយពាណិជ្ជកម្មផងដែរ។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុនដែលបានសម្រេចឈប់ផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គម X កាលពីសប្តាហ៍មុនមានដូចជា ក្រុមហ៊ុន​  Apple ក្រុមហ៊ុន IBM ក្រុមហ៊ុន The Walt Disney Co., ខណៈក្រុមហ៊ុនដែលគ្រោងនឹងចាកចេញជាបន្តបន្ទាប់នៅពេលឆាប់ៗនេះមានដូចជា ក្រុមហ៊ុន Amazon ក្រុមហ៊ុន Coca-Cola ក្រុមហ៊ុន Microsoft និងក្រុមហ៊ុនប្រមាណជា ២០០ទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: