អន្តរជាតិ

ថៃអនុញ្ញាតឲ្យកន្លែងកំសាន្តពេលរាត្រីអាចបើកដំណើរការបានរហូតដល់ម៉ោង ៤ភ្លឺ ដើម្បីទាក់ទាញភ្ញៀវទេសចរ

BY
Pheakdey
November 29, 2023

ថៃ៖ គណៈរដ្ឋមន្ត្រីថៃសម្រេចអនុញ្ញតឲ្យក្លឹបរាត្រី​ បារ និងកន្លែងកំសាន្តពេលរាត្រីមួយចំនួនទៀតអាចបើកដំណើរការយូរជាងមុនចំនួន ២ម៉ោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ២៨ ខែវិច្ឆិកានេះ។ ការសម្រេចនេះត្រូវ​បានធ្វើឡើងក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកំសាន្តនៅក្នុងទីក្រុង និងតាមបណ្តាទេសចរណ៍ជាច្រើនរបស់ថៃឲ្យបានកាន់តែច្រើន ដ្បិតទេសចរណ៍គឺជាប្រភពចំណូលដ៏សំខាន់មួយរបស់ថៃ។

ប្រភពខាងលើបានបន្តថា ក្រោយមានការអនុញ្ញាតឲ្យក្លឹបរាត្រី បារ ខារ៉ាអូខេអាចបន្តបើកដំណើរបាន ២ម៉ោងបន្ថែមទៀត គឺមានន័យថា កន្លែងកំសាន្តក្នុងពិភពរាត្រីទាំងអស់នេះអាចបើកទ្វារធ្វើអាជីវកម្មរហូតដល់ម៉ោង ៤ទៀបភ្លឺ ខណៈវិធានការថ្មីនេះនឹងផ្តើមមានសុពលភាពចាប់ពីថ្ងៃទី១៥ ខែធ្នូ នេះតទៅ។ គួរបញ្ជាក់ជូនថា ប្រទេសថៃបានព្យាយាមដាក់ចេញយន្តការជាច្រើន ដើ​ម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យចូលមកកំសាន្តនៅក្នុងប្រទេសខ្លួនឲ្យបានច្រើនដូចមុនពេលមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលនាពេលកន្លងមកថៃធ្លាប់ទទួលបានភ្ញៀវទេសចរអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗប្រមាណរហូតដល់ ៣៩,៩លាននាក់ក្នុងមួយឆ្នាំ ខណៈនៅក្នុងឆ្នាំ២០២៣ និងគិតត្រឹមខែវិច្ឆិកានេះថៃទើបទទួលបានភ្ញៀវទេសចរត្រឹម ២៤,៥លាននាក់ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: