អាមេរិកផ្តល់ថវិកា ៣ពាន់លានដុល្លារទៅកាន់មូលនិធិអាកាសធាតុបៃតងដើម្បីជួយទប់ស្កាត់ការបំពុលបរិយាកាសលើភពផែនដី
- BY
- Pheakdey
- December 3, 2023
អារ៉ាប់រួម៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ថវិកាចំនួន ៣ពាន់លានដុល្លារទៅកាន់មូលនិធិអាកាសធាតុបៃតង (Green Climate Fund) ដើម្បីជួយគាំទ្រសកម្មភាពទប់ស្កាត់ការបំពុលបរិស្ថាននិងបរិយាកាសនៅលើភពផែនដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយលោកស្រីអនុប្រធានាធិបតី Kamala Harris ក្នុងឱកាសដែលលោកស្រីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំអំពីបញ្ហាអាកាសធាតុ COP28 នៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris
ប្រភពខាងលើបានបន្តថា ថវិកាដ៏ច្រើនរបស់រដ្ឋាភិបាលអាមេរិកខាងលើនេះនឹងត្រូវបែងចែកសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពផ្សេងៗច្រើននៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោក ខណៈអាមេរិកគឺជាប្រទេដែលបានផ្តល់ថវិកាច្រើនជាងគេក្នុងមូលនិធិខាងលើនេះដែលមានថវិកាសរុបជាង ២០ពាន់លានដុល្លារ។ គួរកត់សម្គាល់ថា កាលពីពេលថ្មីៗនេះអាមេរិកធ្លាប់បានផ្តល់ថវិកាចំនួន ២ពាន់លានដុល្លាររួចម្តងហើយសម្រាប់គាំទ្រលើកិច្ចការដូចនេះ ខណៈតាមគម្រោងគឺរដ្ឋអាមេរិកនឹងត្រូវចំណាយប្រាក់ជាច្រើនពាន់លានដុល្លារបន្ថែមទៀតសម្រាប់គម្រោងលើកស្ទួយបរិកាយលើភពផែនដីចាប់ពីឆ្នាំ ២០២៤ រហូតដល់ឆ្នាំ ២០២៧៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






