កូរ៉េខាងត្បូងសម្រេចផ្តល់សេវាពិនិត្យសុខភាពផ្លូវចិត្តរៀងរាល់ ២ឆ្នាំម្តងចំពោះពលរដ្ឋមានអាយុចន្លោះពី ២០-៣៤ឆ្នាំ
- BY
- Pheakdey
- December 6, 2023
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងគ្រោងនឹងផ្តល់សេវាពិនិត្យសុខភាពផ្លូវចិត្តចំពោះពលរដ្ឋដែលមានអាយុចន្លោះពី ២០-៣៤ឆ្នាំនៅរៀងរាល់ ២ឆ្នាំម្តង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃពុធ ទី៦ ខែធ្នូនេះ។ កាសម្រេចដាក់ចេញនូវផែនការដ៏ទូលំទូលាយនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកំណើននៃអត្រាអ្នកធ្វើអត្តឃាត ដែលបង្កឡើងដោយសារជំងឺបាក់ទឹកចិត្ត សម្ពាធផ្លូវចិត្ត និងបញ្ហាស្ត្រេសជាដើម។
![]()
គួរកត់សម្គាល់ថា កូរ៉េខាងត្បូងគឺជាប្រទេសដែលមានអាត្រាអ្នកធ្វើអត្តឃាតខ្ពស់ជាគេបំផុត ជាក់ស្តែងបើយោងតាមការសិក្សារបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានបង្ហាញថា ក្នុងរយៈពេលប្រមាណជា ២០ឆ្នាំចុងក្រោយនេះកូរ៉េខាងត្បូងមានអត្រាអ្នកធ្វើអត្តឃាតជាមធ្យមគឺ ១០,៦ ភាគរយក្នុងចំណោមមនុស្ស ១០០,០០០នាក់ ខណៈអត្រាធ្វើអត្តឃាតនេះបានកើនឡើងយ៉ាងគំហុកនៅក្នុងឆ្នាំ ២០២២ ពោលគឺកើនឡើងរហូតដល់ ២៥,២ ភាគរយក្នុងចំណោមមនុស្ស ១០០,០០០នាក់។ ក្នុងការសិក្សាខាងលើនេះក៏បានបង្ហាញផងដែរថា បើគិតត្រឹមរយៈពេល៣ឆ្នាំចុងក្រោយនេះគឺមានពលរដ្ឋកូរ៉េខាងត្បូងប្រមាណជា ៤០,០០០នាក់បានធ្វើអត្តឃាត ហើយនៅក្នុងនោះគឺភាគច្រើនជាយុវវ័យ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






