ក្រោយបិទបញ្ចប់ប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះ តួលេខអ្នកបាត់បង់ជីវិតដោយសារការផ្ទុះភ្លើងនៅឥណ្ឌូនេស៊ីកើនឡើងដល់ ២៣នាក់
- BY
- Pheakdey
- December 7, 2023
ឥណ្ឌូនេស៊ី៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែការផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ចំនួន ២៣នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូនេះ។ តួលេខអ្នកស្លាប់ខាងលើនេះគឺជាតួលេខចុងក្រោយហើយ ដ្បិតអាជ្ញាធរឥណ្ឌូនេស៊ីបានប្រកាសបិទប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនត្រឹមថ្ងៃនេះ ក្រោយសាកសពរបស់អ្នកបាត់ខ្លួនចុងក្រោយត្រូវបានរកឃើញនៅក្បែរជើងភ្នំ។

សូមបញ្ជាក់ជូនថា ហេតុការណ៍ផ្ទុះភ្នំភ្លើងខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃអង្គារកន្លងទៅម្ល៉េះ ដោយមុនពេលកើតហេតុមានអ្នកដើរឡើងភ្នំសរុបចំនួន ៧៥នាក់កំពុងស្ថិតក្នុងបេសកម្មដើរឡើងទៅលើភ្នំ។ សូមបញ្ជាក់ជូនផងដែរថា ភ្នំភ្លើងដែលបានផ្ទុះនេះមានឈ្មោះថាភ្នំ Marapi ស្ថិតនៅតំបន់ Agam ភាគខាងលិចកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី ហើយកាលពីឆ្នាំ១៩៧៩ ភ្នំភ្លើងមួយនេះបានផ្ទុះម្តងរួចហើយ ដោយពេលនោះឥទ្ធិនៃការផ្ទុះភ្នំភ្លើងបានបណ្តាលមានមនុស្សចំនួន ៦០នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






