ថៃដាក់ចេញផែនការប្រើប្រាស់ “មួយថៃ” ជាថាមពលទន់ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ និងគ្រោងបញ្ចូលកីឡានេះក្នុងកម្មវិធីសិក្សានៅតាមសាលារៀន
- BY
- Pheakdey
- December 9, 2023
ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានបង្ហាញផែនការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រែក្លាយកីឡា “មួយថៃ” (Muay Thai) ឬប្រដាលថៃឲ្យក្លាយជាថាមពលទន់សម្រាប់បង្កើនសេដ្ឋកិច្ចជាតិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅក្នុងថ្ងៃសៅរ៍ ទី៩ ខែធ្នូនេះ។ ការបញ្ជាក់អំពីផែនការនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបផ្លូវការមួយរវាងលោកនាយករដ្ឋមន្ត្រីថៃជាមួយនឹងស្តេចប្រដាល់ថៃគឺកីឡាករ ប៊ូ ខាវ កាលពីពេលថ្មីៗនេះ។

ប្រភពខាងលើបន្តថា រដ្ឋាភិបាលថៃក៏មានបំណងដាក់បញ្ចូលកីឡា “មួយថៃ” ក្នុងកម្មវិធីសិក្សាជាផ្លូវការផងដែរ ដើម្បីលើកទឹកចិត្តឲ្យយុវជនថៃនាំគ្នាហាត់កីឡាមួយនេះឱ្យបានគ្រប់ៗគ្នាដើម្បីសុខភាពផង និងដើម្បីជួយផ្សព្វផ្សាយកីឡាមួយនេះទៅកាន់ពិភពលោកផងដែរ។ គួរបញ្ជាក់ជូនថា នាពេលកន្លងកីឡា “មួយថៃ” បានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិដៃបានមួយផ្នែករួចហើយ តាមរយៈការលក់សិទ្ធផ្សាយតាមកញ្ចក់ទូរទស្សន៍ លក់សិទ្ធផ្សាយនៅលើបណ្តាញអ៊ីនធឺណិត លក់សំបុត្រសម្រាប់ចូលរួមទស្សនាផ្ទាល់ លក់សម្ភារៈផ្សេងៗទាក់ទងនិងវិស័យកីឡា ខណៈក្លឹបបង្ហាត់កីឡា “មួយថៃ” ជាច្រើននៅទូទាំងប្រទេសថៃក៏អាចរកប្រាក់ចំណូលបានច្រើនផងដែរ ក្រោយមានមនុស្សជាច្រើនចាប់អារម្មណ៍ចង់ចូលហ្វឹកហាត់កីឡាប្រភេទនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger
- Share This Post:






