អន្តរជាតិ

តុលាការអ៊ីនធឺណិតចិនបើកសោវនាការកាត់ក្តីករណីលួចប្រើប្រាស់សំឡេងរបស់គេដោយប្រើច្ចេកវិទ្យា AI ជាលើកដំបូង

BY
Pheakdey
December 14, 2023

ចិន៖ តុលាការចិនបានបើកសោវនាការលើសំណុំរឿងទាក់ទាងនឹងសិទ្ធប្រើប្រាស់សំឡេងដោយបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) ជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូនេះ។ សំណុំរឿងដ៏រសើបនិងមិនធ្លាប់មានពីមុនមកនេះត្រូវបានបើកជំនុំជម្រះនៅក្នុងសោវនាការរបស់តុលាការអ៊ីនធឺណិតប៉េកាំង (Beijing Internet Court) ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ស្រ្តីជាសិល្បកចិនម្នាក់មានឈ្មោះថា Yin។

មុនពេលដាក់ពាក្យបណ្តឹងមកកាន់តុលាការ អ្នកនាង Yin បានរកឃើញថា មានក្រុមហ៊ុនចំនួន ៥ដោយក្នុងនោះមានទាំងក្រុមហ៊ុនផលិតកម្មវិធីទូរស័ព្ទផងដែរ បានយកសំឡេងរបស់គាត់ទៅ​ប្រើប្រាស់នៅក្នុងសៀវភៅសំឡេង (Audiobook) ជាច្រើនសម្រាប់ការសិក្សាតាមអ៊ឺណធឺណិតដោយគ្មានការអនុញ្ញាតពីគាត់ ពោលគឺរូបគាត់ជាម្ចាស់សំឡេងមិនបានដឹងអ្វីទាល់តែសោះ។ ការលួចយកសំឡេងរបស់អ្នកនាង Yin ទៅប្រើប្រាស់នេះគឺត្រូវបានធ្វើឡើងតាមរយៈមុខងារ Voice-over របស់បច្ចេកវិទ្យា AI ដែលអាចចាប់យកសំឡេងរបស់បុគ្គលណាម្នាក់ទៅអានអត្ថបទ និយាយ និងច្រៀងបទចម្រៀងណាមួយជាដើម។

នៅក្នុងពាក្យបន្តឹងរបស់អ្នកនាង Yin នោះគឺគាត់ប្តឹងទាមទារសំណងសរុបចំនួន ៦០០,០០០យន់ (៨៤,៦៨០ដុល្លារអាមេរិក) ពីក្រុមហ៊ុនទាំង ៥ខាងលើនេះ ដោយក្នុងនោះមានប្រាក់ចំនួន ៥០០,០០០យន់ (៧០,៥៦៦ដុល្លារអាមេរិក) ជាសំណងនៃការខាតបង់សេដ្ឋកិច្ច និងប្រាក់ចំនួន ១០០,០០០យន់ (១៤,១១៣ដុល្លារអាមេរិក) ផ្សេងទៀតគឺជាសំណងនៃការប៉ះទង្គិចផ្លូវចិត្ត។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងថា តុលាការអ៊ីនធឺណិតរបស់ចិនសម្រេចកាត់ក្តីយ៉ាងណានៅឡើយទេចំពោះករណីខាងលើនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖The Strait Time

Share This Post: