ប្រធានាធិបតីឥណ្ឌូនេស៊ីស្នើឱ្យក្រុមយោធាចុះជួយកសិករក្នុងការប្រមូលទិន្នផលស្រូវ
- BY
- Pheakdey
- December 16, 2023
ឥណ្ឌូនេស៊ី៖ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានស្នើឱ្យក្រុមយោធាចុះជួយប្រជាកសិករក្នុងការប្រមូលទិន្នផលស្រូវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែធ្នូនេះ។ ការស្នើសុំជំនួយពីក្រុមយោធានៅពេលនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងបញ្ហាមួយចំនួនដែលកំពុងកើតមានចំពោះប្រជាកសិករឥណ្ឌូនេស៊ី ដូចជាបាតុភូតអែលនីណូ (El Niñ) និងបញ្ហាក្នុងការនាំយកអង្ករទៅលក់នៅក្រៅប្រទេសជាដើម។

គួរបញ្ជាក់ជូនថា បាតុភូតអែលនីណូគឺជាបញ្ហាធម្មជាតិមួយដែលជំរុញឱ្យអាកាសធាតុត្រូវឡើងកម្តៅហើយស្ងួត ខណៈបញ្ហានេះបានជះឥទ្ធិអាក្រក់យ៉ាងខ្លាំងចំពោះវិស័យកសិកម្ម។ ចំពោះបញ្ហាក្នុងការនាំចេញអង្ករវិញគឺបានកើតឡើងក្រោយប្រទេសឥណ្ឌាបានសម្រេចកាត់បន្ថយការនាំចូលអង្ករពីប្រទេសឥណ្ឌូនេស៊ីមួយរយៈ ដ្បិតឥណ្ឌាចង់ទប់ស្កាត់តម្លៃអង្ករក្នុងស្រុករហូតដល់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងមានការចុះជួយពីសំណាក់ក្រុមយោធាគឺក្រុមអ្នកជំនាញផ្នែកកសិកម្មជាច្រើននាក់ផ្សេងទៀតក៏ត្រូវចុះទៅធ្វើការងារផ្ទាល់ជាមួយកសិករដែរ ខណៈកិច្ចការដែលពួកគាត់ត្រូវធ្វើនោះគឺមានតាំងតែការណែនាំពីរបៀបដាំដុះ ការដាក់ជី ការប្រមូលផលឲ្យបានលឿន រហូតដល់ការជួយរកទីផ្សារឲ្យប្រជាកសិករទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






