សីតុណ្ហភាពនៅកូរ៉េខាងត្បូងចុះរហូតដល់ -១៨អង្សាសេ និងបណ្តាលឲ្យជើងហោះហើរជាង ១០០ជើងត្រូវបានលុបចោលនិងពន្យាពេលជាបន្ទាន់
- BY
- Pheakdey
- December 18, 2023
កូរ៉េខាងត្បូង៖ សីតុណ្ណភាពនៅក្នុងប្រទេសកូរ៉េខាងត្បូងបានចុះត្រជាក់រហូតដល់ -១២,៤អង្សាសេកាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈនៅព្រឹកថ្ងៃចន្ទទី ១៨ ខែធ្នូនេះសីតុណ្ហភាពបានបន្តធ្លាក់ចុះរហូតដល់ -១៨អង្សាសេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ យ៉ាងណាក្តី នៅតាមតំបន់ផ្សេងៗគ្នាមួយចំនួនសីតុណ្ហភាពក៏អាចមានការប្រែប្រួលផងដែរ ខណៈសីតុណ្ហភាពខ្ពស់បំផុតនោះគឺមានកម្រិតត្រឹម -៣អង្សាសេ។

ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពអាកាសធាតុចុះត្រជាក់ខ្លាំងនេះកូរ៉េខាងត្បូងក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួនផងដែរ តួយ៉ាងដូចជាកាលពីម្សិលមិញរថភ្លើងជាច្រើនខ្សែបានផ្អាកដំណើរការជាបណ្តោះអាសន្ន ព្រោះតែគ្មានអ្នកដំណើរណាម្នាក់មកជិះនោះទេ ហើយមានអាគារចំនួន ២៨កន្លែងបានរងនូវការខូតខាតដែលបណ្តាលមកពីកម្លាំងខ្យល់បក់យ៉ាងខ្លាំង។ ដោយឡែកកោះ JEJU ដែលជាកោះធំបំផុតរបស់កូរ៉េខាងត្បូងវិញហាក់បានរងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវសាធារណៈប្រមាណជា ១,១០០ខ្សែនៅលើកោះត្រូវបានដាក់ប្រើប្រាស់ក្នុងលក្ខខណ្ឌប្រុងប្រយ័ត្នកម្រិតខ្ពស់ ពោលគឺទាល់តែរថយន្តខ្នាតធំដែលអាចទប់ទល់ជាមួយនឹងកម្លាំងខ្យល់បានទើបត្រូវបានគេអនុញ្ញាតឲ្យធ្វើដំណើរ។ ជាងនេះទៅទៀតជើងហោះហើរទៅកាន់កោះដ៏មានសក្កានុពលមួយនេះជាង ១០០ជើងត្រូវបានលុបចោល និងពន្យាពេលផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






