ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្តីប្រពន្ធមួយគូត្រូវអាជ្ញាធរថៃឃាត់ខ្លួនជុំវិញករណីលាក់កូនដែលបានបាត់បង់ជីវិតក្នុងទូរទឹកកក

    BY Liny Chan January 10, 2024
    ប្តីប្រពន្ធមួយគូត្រូវអាជ្ញាធរថៃឃាត់ខ្លួនជុំវិញករណីលាក់កូនដែលបានបាត់បង់ជីវិតក្នុងទូរទឹកកក

    ថៃ៖ ប្តីប្រពន្ធមួយគូត្រូវអាជ្ញាធរថៃសម្រេចឃាត់ខ្លួនជុំវិញករណីលាក់បាំងសាកសពក្មេងប្រុសអាយុ ២ឆ្នាំម្នាក់នៅក្នុងទូរទឹកកក​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១០ ខែមករានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងខេត្ត Nonthaburi ភាគកណ្តាលប្រទេសថៃ ខណៈបុរសជាប្តីមានឈ្មោះថា Harnnarong Praiphanom អាយុ ៣១ឆ្នាំ និងស្រ្តីជាប្រពន្ធមានឈ្មោះថា Marisa Thongiam មានអាយុ ២៥ឆ្នាំ។

    បើតាមប៉ូលិសជំនាញថៃបានរកឃើញថា ក្មេងប្រុសដែលបានស្លាប់នោះគឺបណ្តាលមកពីអួលបាយដំណើប និងបានស្លាប់នៅក្នុងថ្ងៃទី២ ខែមករា ហើយក្រោយមកសាកសពរបស់កុមាររងគ្រោះត្រូវបានរុំនឹងភួយមុននឹងយកទៅលាក់ទុកក្នុងទូរទឹកកក។ ប្រភពខាងលើបានបានបន្តថា ហេតុការណ៍នេះត្រូវបានបែកធ្លាយក្រោយស្រ្តីជាម្តាយរបស់លោក Harnnarong Praiphanom បានរាយការណ៍ជូនប៉ូលិសអំពីករណីបាត់ក្មេងដើម្បីឲ្យប៉ូលិសជួយស្វែងរក ខណៈលោក​ Harnnarong Praiphanom គឺជាមិត្តភក្តិរបស់ឪពុកកុមាររងគ្រោះ។ ក្រោយការស៊ើបអង្កេតប្តីប្រពន្ធទាំងពីររូបខាងលើនេះត្រូវបានចោទប្រកាន់ពីបទលាក់បាំងមិនរាយការណ៍អំពីករណីមានក្មេងស្លាប់ទៅកាន់អាជ្ញាធរ ខណៈលោក Harnnarong Praiphanom ត្រូវទទួលរងនូវបទចោទថែមមួយករណីទៀតគឺករណីប្រើប្រាស់គ្រឿងញៀន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: