កីឡា

ក្រុមកាំភ្លើងធំ Arsenal សងសឹកបានសម្រេចដោយលុត Rennes ៣ទល់នឹង០ ឡើងវគ្គបន្តក្នុងពាន Eroupa League ក្នុងទឹកដី Emirates

BY
Khmernote Media
March 15, 2019

កាលពីយប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Eroupa League បន្ទាប់ពីលុតក្រុមភ្ញៀវ Rennes ក្នុងជើងទីពីរ ៣ទល់នឹង០ នៅក្នុងពហុកីឡាដ្ឋាន Emirates ។ វាពិតជាពិបាក និងមិនគួរអោយជឿថា ក្រុមកាំភ្លើងធំអាចធ្វើបាន ខណៈដែលជើងទី១ ពេលទៅលេងនៅ Roazhon Park ទឹកដីរបស់ Rennes ក្រុមកាំភ្លើងធំចាញ់ទក់សាច់ក្នុងលទ្ធផល ៣ទល់នឹង១។ ប៉ុន្តែនៅជើងទី២ Arsenal មិនធ្វើអោយអ្នកគាំទ្រអស់សង្ឃឹមនោះទេ ដោយស្វាគមន៍ក្រុមភ្ញៀវយ៉ាងចាស់ដៃតែម្តង និងស៊ុតទៅលើក្រុមភ្ញៀវបាន ៣គ្រាប់។

គួរបញ្ជាក់ផងដែរ នៅតង់ទី១ មិនទាន់បានស្រួលបួលផង នៅក្នុងនាទីទី៥ កីឡាករខ្សែប្រយុទ្ធ Aubameyang បានរកគ្រាប់បាល់ទីមួយទៅហើយដោយមានការបញ្ជូនបាល់បានយ៉ាងល្អដោយខ្សែបំរើ Aaron Ramsey ហើយគ្រាប់ទីពីរក៏បានកើតឡើងនៅក្នុងតង់ទី១ដដែលនៅនាទីទី ១៥ ដោយកីឡាករ Maitland Niles ។ ហើយនៅតង់ទី១បញ្ចប់ដោយលទ្ធផល ២ទល់នឹង០ ប៉ុន្តែនៅតង់ទីពីរក្រុមកាំភ្លើងធំ Arsenal នៅតែធ្វើការសំរុក និងអាចរកបាន១គ្រាប់ទៀតដោយកីឡាករខ្សែប្រយុទ្ធ Aubameyang ដដែលនៅក្នុងនាទីទី ៧២ រហូតដល់ចប់ការប្រកួត Arsenal ៣ និង Rennes ០។

ចំណែកឯការគ្រប់គ្រងបាល់វិញ មិនសូវខុសគ្នាប៉ុន្មានទេ ដោយ ក្រុមម្ចាស់ផ្ទះមាន ៥២ភាគរយ និងក្រុមភ្ញៀវ ៤៨ភាគរយ។ ដូចនេះ អ្នកដែលនិយមតាមដានបាល់ទាត់ អាចរងចាំមើលថាក្រុមមួយណាដែលអាចគ្រងជើងឯកក្នុងពានលំដាប់ទីពីររបស់អឺរ៉ុបនេះបាន៕

អត្ថបទ៖ សុគុណា

Share This Post: