ធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ២០២៤” ក្នុងការបន្តអនុវត្តយុទ្ធសាស្ត្រធនធានមនុស្ស ពេញដោយភាពច្នៃប្រឌិតនៅកន្លែងការងារ

យុទ្ធសាស្ត្រធនធានមនុស្សនៅធនាគារ ព្រីនស៍ ត្រូវបានអនុវត្តប្រកបដោយភាពច្នៃប្រឌិត ដោយក្នុងនោះរួមមាន ការរៀបចំបទសម្ភាសន៍ការងារឆ្នើម ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងការអនុវត្ត ការសិក្សា និងការអភិវឌ្ឍន៍ ព្រមទាំងអត្ថប្រយោជន៍របស់និយោជិត។ ធនាគារតែងតែរៀបចំការប្រជុំ និងវគ្គបណ្តុះបណ្តាលនានា ដូចជាកិច្ចប្រជុំគណៈគ្រប់គ្រង កិច្ចប្រជុំតាមសាខា កិច្ចប្រជុំតាមក្រុម និងវគ្គបណ្តុះបណ្តាលអំពីផលិតផលថ្មី ដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញរបស់និយោជិតរបស់ខ្លួន។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានសម្តែងនូវក្តីសោមនស្សរីករាយ និងមោទកភាពចំពោះសមិទ្ធផលរបស់សា្ថប័ន ហើយសមិទ្ធផលនេះអាចសម្រេចបានក៏ដោយសារបុគ្គលិកគ្រប់រូប ដែលបានដើរតួនាទីយ៉ាងសំខាន់ពីក្រោយភាពជោគជ័យរបស់ធនាគារ។ បាវចនារបស់ធនាគារគឺ “យើងប្រឹងប្រែងដើម្បីអ្នក” ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារដែលតែងតែចាត់ទុកបុគ្គលិករបស់ខ្លួនជាចំណុចកណ្តាល ក្នុងការបំពេញរាល់កិច្ចការ ដែលអ្វីទាំងនេះ ធ្វើឱ្យធនាគារ ព្រីនស៍ អាចផ្តល់នូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងសេវាធនាគារដែលមានភាពសាមញ្ញ ងាយស្រួល និងរហ័សបំផុតជូនដល់អតិថិជនគ្រប់រូប។
លោកបានបន្ថែមទៀតថា “ក្នុងនាមជាធនាគារខ្មែរ យើងចង់បង្កើតធនាគារមួយដែលមានវប្បធម៌ការងារ និងសេវាកម្មអតិថិជនពិសេសលើសគេ សម្រាប់ផ្តល់ជូនប្រជាជនកម្ពុជាប្រកបដោយ ការគិតគូរ ការយកចិត្តទុកដាក់ និងមានទំនុកចិត្តបំផុត”។
ធនាគារ ព្រីនស៍បានបណ្តាក់ទុនយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលប្រកបដោយដំណោះស្រាយច្នៃប្រឌិត ដូចជាកម្មវិធីទូរស័ព្ទ HRIS និង HR in the Pocket ដើម្បីជំរុញដល់បរិបទរួមបញ្ចូល និងភាពចម្រុះសម្រាប់បុគ្គលិករបស់ខ្លួន ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងភាពរីកចម្រើនក្នុងអាជីពរបស់ពួកគេ។ កម្មវិធីទាំងនេះបានផ្តល់នូវមេរៀនប្រកបដោយភាពជោគជ័យសម្រាប់សិក្សាគ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ លើសពីនេះ កម្មវិធីHRIS ក៏អាចអនុញ្ញាតឱ្យនិយោជិតចូលពិនិត្យមើលប្រវត្តិរូប និងបញ្ជីបើកប្រាក់បៀវត្សរ៍របស់ពួកគេ ឬដាក់ពាក្យសុំច្បាប់ឈប់សម្រាក និងបំពេញការងារផ្សេងៗទៀតផងដែរ។
ធនាគារ ព្រីនស៍បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវសិទិ្ធ និងកម្លាំងពេញលេញដល់និយោជិតនៅកន្លែងការងារ និងស្វាគមន៍បេក្ខជនដែលមានទេពកោសល្យឱ្យចូលរួមជាមួយធនាគារ សម្រាប់ការបន្តផែនការរីកចម្រើនក្នុងអាជីពរបស់ពួកគេ។ ដើម្បីស្វែងយល់បន្ថែមអំពីធនាគារ ព្រីនស៍ ឬសម្រាប់ព័ត៌មានអំពីឱកាសការងារនៅធនាគារ ព្រីនស៍ សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh/page-career ។
អំពី ធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣៦ និងទីតាំងអេធីអឹមចំនួន៨៣ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕