អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបសួរលើជនបង្កដែលបើករថយន្ដ Ford បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿងនៅខណ្ឌឫស្សីកែវ ពីបទ «បើកបរដោយធ្វេស ប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច»
(រាជធានីភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបសួរលើជនបង្កដែលបើករថយន្ដ Ford បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ និងរបួស៤នាក់ នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចស្ពានអាកាសឫស្សីកែវ ខណ្ឌឫស្សីកែវ ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លាប់មនុស្សច្រើននាក់) »។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មានក្នុងស្រុកទទួលបាននៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ អំពីករណីគ្រោះថ្នាក់ចរាចរណ៍ កើតហេតុកាលពីថ្ងៃសៅរ៍ ១០កើត ខែបុស្ស
ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង៤០នាទី ត្រង់ចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5854 បើកបរដោយជនសង្ស័យឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ បានធ្វើដំណើរតាមបណ្តោយផ្លូវស្ពានថ្មីឫស្សីកែវ ទិសដៅពីកើតទៅលិច (ចុះពីលើស្ពាន) ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l ទៅបុកពីក្រោយម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KK-9275 អូសរុញទៅផ្ទប់បុកនឹងរថយន្ត
ម៉ាក LEXUS NX200T ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BT-3779 ដែលកំពុងឈប់រង់ចាំភ្លើងស្តុប រុញទៅបុកនឹងរថយន្តម៉ាក TOYOTA VITZ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-4208 និងបន្តបុករះម៉ូតូម៉ាក់ HONDA BEAT ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1KG-7548 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 1J-3821 និងម៉ូតូម៉ាក HONDA CLICK ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AP-7471 ។ ហេតុការណ៍ខាងលើបណ្តាលឱ្យស្លាប់មនុស្ស ០៤នាក់ (ស្រី០៣នាក់) និងរងរបួសមនុស្ស ០៤នាក់ (ស្រី០៣នាក់)។
បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg និងរបួសស្លាប់មនុស្សច្រើននាក់) ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌ២ ចំណុច ខ,គ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ,គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៕



ប្រភព៖ BTV Cambodia